(សេអ៊ូល កូរ៉េខាងត្បូង)៖ មានការរកឃើញថានិស្សិតស្រ្តីខ្មែរមួយរូប ដែលបានធ្វើដំណើរប្តូរជើងហោះហើរនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ក្នុងគោលដៅពីប្រទេសអង់គ្លេស ទៅកាន់កម្ពុជាវិញនោះ មានផ្ទុកនូវជម្ងឺកូវីដ-១៩ តាមរយៈការពិនិត្យដោយអជ្ញាធរសុខាភិបាលនៅព្រលានយន្តហោះក្នុងទីក្រុងសេអ៊ូលផ្ទាល់ បើតាមការលើកឡើងរបស់ប្រមុខការទូតកម្ពុជានៅប្រទេសកូរ៉េ លោក ឡុង ឌីម៉ង។
បើតាមការលើកឡើងរបស់លោក ឡុង ឌីម៉ង់ និស្សិតស្ត្រីខាងលើនេះ មានអាយុ ២១ ឆ្នាំ និងបានចេញនូវអាការៈផ្តាសាយតាំងពីនៅប្រទេសអង់គ្លេស ទើបសម្រេចចិត្តមកកម្ពុជាវិញ ស្របពេលដែលសាលារបស់គាត់តម្រូវឱ្យសិស្សទាំងអស់សម្រាកពីការសិក្សាផងនោះ។ លុះដល់ថ្ងៃទី ២៦ មេសា ២០២០ ស្របពេលកំពុងរង់ចាំផ្លាស់ប្តូរជើងហោះហើរនៅព្រលានយន្តហោះទីក្រុងសេអ៊ូល អជ្ញាធរសុខាភិបាលកូរ៉េបានរកឃើញថាគាត់មានផ្ទុកមេរោគកូវីដ-១៩។ បច្ចុប្បន្ន គាត់កំពុងទទួលការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យនាប្រទេសកូរ៉េ ហើយក៏ស្ថិតនៅក្នុងស្ថានភាពល្អប្រសើរផងដែរ។ ក្រុមការងារស្ថានទូតកម្ពុជាបានបន្តធ្វើការទំនាក់ទំនង និងតាមដានស្ថានភាពរបស់និស្សិតរូបនេះផ្ទាល់ផងដែរ។ លោក ឡុង ឌីម៉ង់ ក៏បានបញ្ជាក់បន្ថែមថា នៅពេលនិស្សិតខាងលើជាសះស្បើយ គាត់នឹងត្រូវបានអនុញ្ញាតបន្តដំណើរមកកាន់ប្រទេសកម្ពុជាផងដែរ ហើយក៏នឹងឆ្លងកាត់ការត្រួតពិនិត្យសុខភាព ក៏ដូចជាវិធានការចត្តាឡីស័កនៅកម្ពុជាទៀតផង។
សូមជម្រាបថា កន្លងមកនៅក្នុងប្រទេសកូរ៉េ មានជនជាតិខ្មែរចំនួន៣នាក់ ជាស្រ្តីខ្មែររៀបការស្វាមីកូរ៉េ ម្តាយរបស់គាត់ រួមជាមួយនឹងកូនប្រុស នៅទីក្រុងប៊ូឆុន បានឆ្លងជម្ងឺកូវីដ-១៩ ពីស្វាមីកូរ៉េ ហើយដែលបច្ចុប្បន្នបានជាសះស្បើយទាំងស្រុងទៅហើយ។