ចំនួនអ្នកបាត់បង់ជីវិតក្រោយទទួលវ៉ាក់សាំងផ្តាសាយកើនដល់ ១០១នាក់ហើយ ខណៈអ្នកជំនាញថាមិនមែនបណ្តាលមកពីវ៉ាក់សាំងនោះទេ

សេអ៊ូល៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា មកដល់ត្រឹមថ្ងៃអង្គារនេះ មានករណីស្លាប់ក្រោយពីទទួលវ៉ាក់សាំងផ្តាសាយកើនដល់ ១០១ ករណីហើយ ដែលភាគច្រើនជាមនុស្សចាស់។

ចំនួនកើនឡើងបន្តបន្ទាប់នៃអ្នកបាត់បង់ជីវិតក្រោយទទួលវ៉ាក់សាំងផ្តាសាយនេះ បានធ្វើឱ្យសាធារណជនកូរ៉េទូទៅហាក់មានការបារម្ភកាន់តែខ្លាំង តែយ៉ាងណាក៏ដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់កូរ៉េខាងត្បូង បានបកស្រាយថាក្នុងចំណោម ១០១ករណីដែលបានបាត់បង់ជីវិតនោះ ៩៧ ករណីគេរកសឹងតែមិនឃើញចំណុចពាក់ព័ន្ធរវាងឥទ្ធិពលនៃការចាក់វា៉ក់សាំងដែលនាំឱ្យបាត់បង់ជីវិត ខណៈដែល ៤ ករណីផ្សេងទៀត អ្នកជំនាញកំពុងធ្វើការសិក្សាបន្តទៀត។

ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំង១០១ករណី ៨៤ នាក់ជាមនុស្សចាស់ដែលមានអាយុលើស ៧០ ឆ្នាំ ៨នាក់មានអាយុក្រោម ៦០ ឆ្នាំ និង ៩​នាក់ទៀតមានអាយុក្នុងខ្ទង់៦០ឆ្នាំ នេះបើតាមការលើកឡើងរបស់មជ្ឈមណ្ឌលដដែលនេះ។

អជ្ញាធរសុខាភិបាលបន្តជូនដំណឹងម្តងហើយម្តងទៀតថាករណីដែលបាត់បង់ជីវិតមិនពាក់ព័ន្ធនឹងសុវត្ថិភាពនៃវ៉ាក់សាំងគ្រុនផ្តាសាយនេះទេ ហើយបន្តជំរុញឱ្យប្រជាជនកូរ៉េទូទៅដែលមិនទាន់បានចាក់វ៉ាក់សាំងបន្តទៅទទួលវ៉ាក់សាំងឱ្យបានរួសរាន់មុនរដូវត្រជាក់ដែលកំពុងតែខិតជិតចូលមកដល់។

បច្ចុប្បន្នមានអ្នកបានទៅទទួលវ៉ាក់សាំងគ្រុនផ្តាសាយដោយមិនគិតថ្លៃជាកម្មវិធីរបស់រដ្ឋ ដល់ទៅ ១២.៥៦លាននាក់ ក្នុងចំណោមប្រជាជន ១៩លាននាក់ ប្រមាណ ៦៤.‌១% បើតាមទិន្នន័យផ្តល់ជូនដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់កូរ៉េខាងត្បូង។

សូមបញ្ជាក់ថា អ្នកជំនាញសុខាភិបាលបានផ្តល់អនុសាសន៍ចំពោះការទទួលវ៉ាក់សាំងឱ្យបានត្រឹមពាក់កណ្តាលខែវិច្ឆិកា ដើម្បីអាចឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពគ្រប់គ្រាន់នៅពេលដែលរដូវរងារមកដល់នៅចុងខែវិច្ឆិកា និងខែធ្នូខាងមុខ។

ខ្លឹមសារអត្ថបទ៖ សារព័ត៌មាន Yonhap News

 

 

Leave a Reply

Your email address will not be published. Required fields are marked *