សេអ៊ូល៖ ភាគហ៊ុននៃក្រុមហ៊ុនអាកាសចរនៅក្នុងប្រទេសកូរ៉េ ហាក់ងើបឡើងគួរឱ្យកត់សម្គាល់ស្របពេលដែលមានដំណឹងល្អអំពីប្រសិទ្ធភាពនៃការធ្វើតេស្តទៅលើវ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុនវេជ្ជសាស្រ្ត Pfizer កាលពីម្សិលមិញនេះ។
កាលពីថ្ងៃចន្ទ ក្រុមហ៊ុនវេជ្ជសាស្រ្តដ៏ធំរបស់អាម៉េរិក Pfizer បានប្រកាសអំពីវ៉ាក់សាំងរបស់ខ្លួនដែលបានបង្កើតជាមួយក្រុមហ៊ុន BioNTech SE ដែលត្រូវបានរកឃើញថាមានប្រសិទ្ធភាពដល់ទៅ ៩០% សម្រាប់បង្ការជំងឺកូវីដ-១៩ ដែលបានផ្តល់ជាសញ្ញាវិជ្ជមានសម្រាប់ដំណើរការជាធម្មតាឡើងវិញរបស់ពិភពលោកទាំងមូល។ ដំណឹងនេះក៏ត្រូវបានទទួលការកោតសរសើរ និងបន្តជំរុញគាំទ្រដោយថ្នាក់ដឹកនាំពិភពលោក រួមមានទាំងប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាម៉េរិក លោក ចូ ប៊ីដេនផងដែរ។
ស្របជាមួយនឹងការចេញព័ត៌មាននេះភ្លាម គេសង្កេតឃើញថាភាគហ៊ុននៃក្រុមហ៊ុនអាកាសចរធំៗរបស់កូរ៉េ ត្រូវបានសង្គ្រោះដោយបានកើនឡើងតម្លៃឡើងវិញគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរ Korean Air Lines Co., បានកើនឡើងដល់ ១១.២៤% ដែលនាំឱ្យតម្លៃក្នុងមួយភាគហ៊ុនកើនដល់ ២៤២៥០ វ៉ុន (ប្រមាណ ២២ដុល្លារ)។ ខណៈភាគហ៊ុនក្រុមហ៊ុនអាកាសចរធំទីពីរនៅកូរ៉េ គឺក្រុមហ៊ុន Asiana Airlines Inc. បានកើន ០.៨៦% ដែលនាំឱ្យតម្លៃភាគហ៊ុនកើនដល់ ៣៥០៥ វ៉ុន ខណៈដែលក្រុមហ៊ុនអាកាសចរ Jeju Air Co., កើនឡើងតម្លៃដល់ ១១.១១% ដែលនាំឱ្យភាគហ៊ុនកើនដល់ ១៥០០០ វ៉ូន ហើយក្រុមហ៊ុនអាកាសចរ T’way Air Co. បានកើនតម្លៃដល់ ១០% ផងដែរ ដែលនាំឱ្យតម្លៃភាគហ៊ុនកើនដល់ ២៦៤០ វ៉ុន។
ក្នុងនោះដែរ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ក៏ហាក់ឃើញការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនទេសចរណ៍ Hana Tour Co. កើនដល់ ៩.១៧% នំាតម្លៃភាគហ៊ុនកើនដល់ ៤៤០៥០ វ៉ុន ខណៈដែលក្រុមហ៊ុនទេសចរណ៍តូចជាងមួយទៀតគឺក្រុមហ៊ុន Mode Tour បានកើនតម្លៃភាគហ៊ុន ៦.៩% តម្លើងតម្លៃហ៊ុនដល់ ១៥៥០០ វ៉ុន។
សូមបញ្ជាក់ថាក្នុងរយៈពេលជាច្រើនខែក្នុងឆ្នាំ២០២០នេះ វិស័យទេសចរណ៍ និងអាកាសចរណ៍ ជាវិស័យស្ថិតក្នុងវិស័យដែលត្រូវបានប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយការរាតត្បាតនៃជំងឺកូវីដ-១៩ជាសាកល។ សម្រាប់ប្រទេសកូរ៉េខាងត្បូង បានដាក់វិធានការតម្រូវឱ្យអ្នកធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងធ្វើចត្តាឡីស័កខ្លួនឯង ១៤ ថ្ងៃមុននឹងអាចដើរហើរក្នុងប្រទេសកូរ៉េបាន។
យ៉ាងណាមិញ កូរ៉េខាងត្បូងក៏មានបណ្តាក្រុមហ៊ុនវេជ្ជសាស្រ្តជាច្រើនបានកំពុងប្រកួតប្រជែងក្នុងការរកឱ្យឃើញបានមុននូវវ៉ាក់សាំង ឬថ្នាំព្យាបាលជំងឺកូវីដ-១៩ ផងដែរមានដូចជាក្រុមហ៊ុន SK Chemical Co. ក្រុមហ៊ុន Genexine Inc. ជាដើម។
ខ្លឹមសារកែសម្រួលពី៖ សារព័ត៌មាន Yonhap News