ចែករំលែក! ក្រសួងសុខាភិបាលកម្ពុជាចេញសេចក្តីណែនាំសំខាន់ៗអំពីការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល

ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារទី១០ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីណែនាំថ្មីស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា។

ក្នុងសេចក្តណែនាំថ្មីនេះ ក្រសួងបានផ្តោតការយកចិត្តទុកដាក់លើការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងការរក្សាគម្លាតសុវត្ថិភាពសង្គម ដែលមានចំណុចសំខាន់ៗដូចជា៖

ការរក្សាគម្លាតសុវត្ថិភាពបុគ្គល៖

  • រក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ទៀត យ៉ាងហោចណាស់ ១.៥ម៉ែត្រឡើងទៅ
  • ចៀសវាងការ​ឱប ថើប ចាប់ដៃ ដែលអាចជំនួសវិញដោយសកម្មភាពសំពះ ងក់ក្បាល ឬសកម្មភាពផ្សេងៗដែលអាចធានាការរក្សាគម្លាតសុវត្ថិភាព ១.៥ មែ៉ត្របាន
  • ការ​ប្រជុំ សិក្ខាសាលា និងកម្មវិធីផ្សេងៗដែលមានអ្នកចូលរួមច្រើន ត្រូវខិតខំរៀបចំតាមប្រព័ន្ធអនឡាញ
  • ត្រូវអនុវត្តការពាក់ម៉ាស់ជាចាំបាច់ និងការលាងដៃជាប្រចាំ

ការរក្សាគម្លាតសុវត្ថិភាពសង្គម៖

  • ចៀសវាងការចូលរួមក្នុងជួបជុំសង្គមនានាដែលមានមនុស្សច្រើនដូចជា ការរៀបចំអាពាហ៌ពិពាហ៌ ពិធីបុណ្យនានាជាដើម
  • ចៀសវាងការហាត់ប្រាណតាមក្លឹបហាត់ប្រាណ ឬហាត់នៅទីតាំងដែលមានការប្រមូលផ្តុំក្នុងកន្លែងបិទជិត
  • ចៀសវាងទីតាំងដែលមានមនុស្សច្រើន
  • អ្នកដែលមានហានិភ័យខ្ពស់ដូចជាមនុស្សចាស់ ស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ មិនត្រូវចូលរួមដំណើរ ការជួបជុំនានានោះទេ
  • លុបចោល ឬពន្យារពេលការជួបប្រជុំ ឬព្រឹត្តិការណ៍នានាដែលមានមនុស្សច្រើន
  • មិនគួរចេញទៅក្រៅ ឬទីកន្លែងណាដែលមានមនុស្សច្រើននោះទេ បើមិនចាំបាច់។

សូមបញ្ជាក់ថា កម្ពុជាមានការព្រួយបារម្ភជាថ្មីចំពោះការឆ្លងរាលដាលជាសហគមន៍នៃជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍ថ្ងៃទី ៣ វិច្ឆិកា ដែលរដ្ឋមន្ត្រីការបរទេសហុងគ្រីបានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយបានមកទស្សនកិច្ចនៅកម្ពុជា ហើយបច្ចុប្បន្នគេបានរកឃើញអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តការណ៍នេះ ៤ នាក់ហើយដែលបានឆ្លងជំងឺកូវីដ-១៩​ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល។ ក្រៅពីនោះ អ្នកពាក់ព័ន្ធដទៃទៀតជាងមួយពាន់នាក់ រួមទាំងថ្នាក់ដឹកនាំធំៗផងនោះ បានកំពុងធ្វើចត្តាឡីស័ករៀងៗខ្លួន និងបន្តពិនិត្យរកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទៀត។

ក្រសួងសុខាភិបាលក៏បានចេញសេចក្តីប្រកាសថា អ្នកដែលល្មើសនឹងបម្រាមធ្វើចត្តាឡីស័កអាចនឹងទទួលការផាកពិន័យរហូតពី ៤០ម៉ឺន ដល់១លានរៀលផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *