ស្ថានទូតខ្មែរនៅកូរ៉េ បន្តអំពាវនាវដល់ពលករខ្មែរ កុំទាន់មកលេងស្រុកវិញ ដោយហេតុផលបីយ៉ាង

ក្នុងដំណាក់កាលនៃការរាតត្បាតនៃមេរោគកូវីដ-១៩ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្តអំពាវនាវដល់បងប្អូនពលករកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុងវិស័យផ្សេងៗនៅប្រទេសកូរ៉េ ឱ្យមានការអត់ធ្មត់ កុំទាន់មកលេងស្រុកខ្មែរទៀត ដោយសារហេតុផលធំៗបីយ៉ាងគឺ៖ ទីមួយគឺ ការប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគកូវីដ-១៩តាមរយៈការធ្វើដំណើរតាមយន្តហោះ ទីពីរគឺការប្រឈមនឹងចំណាត់ការចត្តាឡីស័កដែលដែលត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករហូតដល់១៤ថ្ងៃ ដែលនាំឱ្យខាតបង់ពេលវេលាធ្វើកិច្ចការងាររបស់ពួកគាត់នីមួយៗ និងចុងក្រោយគឺពួកគាត់អាចប្រឈមនឹងការបាត់បង់ការងារ ក្នុងករណីថៅកែរោងចក្រ សហគ្រាស ដែលគាត់កំពុងបំពេញការងារ សម្រេចចិត្តបណ្តេញចេញពីការងារ ស្របពេលដែលសេដ្ឋកិច្ចកូរ៉េកំពុងជាប់នឹងបញ្ហាចង្វាក់ផលិតកម្មក្នុងអំឡុងពេលដ៏លំបាកនេះស្រាប់ផងនោះ។

សូមបញ្ជាក់ផងដែរ កាលពិថ្ងៃទី ២៨ មេសា ២០២០ កន្លងទៅ ពលករកម្ពុជាមួយរូប ធ្វើការវិស័យឧស្សាហកម្មនៅតំបន់អ៊ូលសាន ដែលបានទៅលេងស្រុកខ្មែរតាំងពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ និងបានមកដល់កូរ៉េវិញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ហើយត្រូវបានដាក់ឱ្យនៅដោយឡែករយៈពេល ១៤ ថ្ងៃនោះ ត្រូវបានអជ្ញាធររកឃើញបានល្មើសបម្រាមចត្តាឡីស័ក ដោយបានលួចចេញទៅការិយាល័យអន្តោប្រវេសន៍ដើម្បីធ្វើ ID Card។ អជ្ញាធរកូរ៉េគ្រោងនឹងនាំខ្លួនពលករកម្ពុជាខាងលើនេះ ឡើងតុលាការដើម្បីវិនិច្ឆ័យទោស ដែលអាចជាការពិន័យប្រាក់ចំនួន ១០ លានវ៉ុន ឬ បញ្ចូនត្រលប់ទៅខ្មែរវិញ។

Leave a Reply

Your email address will not be published. Required fields are marked *