ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសរកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ ៣ ករណីបន្ថែមទៀត សម្រាប់អ្នកដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកាដែលកម្ពុជាទទួលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលក្រោយមករកឃើញវិជ្ជមានជំងឺកូវីដ-១៩ នោះ។
ក្នុងចំណោមអ្នកដែលរកឃើញវិជ្ជមាននោះមាន
- ឯកឧត្តម សួស យ៉ារ៉ា ជាសមាជិករដ្ឋសភា ដែលលោកបានទទួលជួបជំនួបផ្ទាល់មួយដោយឡែកជាមួយនឹងប្រតិភូរដ្ឋមន្ត្រីការបរទេសហុងគ្រី
- លោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង
- លោកឯកអគ្គរដ្ឋទូតហុងគ្រី ដែលបានអមដំណើរផ្ទាល់ជាមួយប្រតិភូហុងគ្រីទៅគ្រប់កិច្ចប្រជុំទាំងអស់ដែរនោះ។
ចំណែកឯលទ្ធផលធ្វើតេស្តសម្រាប់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញលទ្ធផលអវិជ្ជមាន។
បច្ចុប្បន្នអ្នកទាំង ៣ ខាងលើ រួមនឹងអង្គរក្សជនជាតិខ្មែរដែលរកឃើញវិជ្ជមានកាលពីថ្ងៃមុន បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បើតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល។


ក្រោមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា អ្នកដែលពាក់ព័ន្ធនឹងកិច្ចប្រជុំទាំងអស់ជាង ៩០០ នាក់ នឹងត្រូវបន្តធ្វើតេស្តសុខភាពលើកទី ៣ នៅថ្ងៃទី ១៤ វិច្ឆិកា និងលើកទី ៤ នៅថ្ងទី ១៨ វិចិ្ឆកា ខាងមុខបន្តទៀត។
ក្នុងនោះដែរ រដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវបទបញ្ជាដោយឡែកក្នុងការទប់ស្កាត់ការរីករាលដាលនៃចម្លងជាសហគមន៍ពីព្រឹត្តិការណ៍ថ្ងៃទី ៣ វិច្ឆិកានេះ ដោយប្រកាសបិទជាបណ្តោះអាសន្នសាលារៀននៅភ្នំពេញ និងខេត្តកណ្តាល រយៈពេល ២ សប្តាហ៍ និងប្រកាសបិទអាជីវកម្ម KTV រោងភាពយន្ត ក្លឹបកម្សាន្ត និងសារៈមន្ទីរ នៅទូទាំងប្រទេស រហូតដល់មានការជូនដំណឹងថ្មីផងដែរ។
លើសពីនោះទៀត សាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ក្រោមការចង្អុលបង្ហាញផ្ទាល់ដោយសម្តេចតេជោ បានរៀបចំទីតាំងសណ្ឋាគារសុខាភ្នំពេញ សម្រាប់អ្នកដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកានេះ អាចធ្វើចត្តាឡីស័កបានផងដែរ។