ជនសង្ស័យបរទេស ២​ រូបត្រូវឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ក្រោយបានបិទខិតប័ណ្ណគំរាមនៅស្ថានទូតបារាំងក្នុងទីក្រុងសេអ៊ូល

សេអ៊ូល៖ ប៉ូលីសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃច័ន្ទនេះថា ពួកគេបានចាប់ខ្លួនជនជាតិបរទេសចំនួន ២ រូបពីបទដាក់សញ្ញាដែលមានចេតនាគំរាមកំហែង នៅលើជញ្ជាំងស្ថានទូតបារាំងប្រចាំនៅប្រទេសកូរ៉េខាងត្បូង។

យោងតាមការលើកឡើងរបស់ប៉ូលីសបានអោយដឹងថា តុលាការក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យបានចេញដីកាចាប់ខ្លួនបុរសអាយុ ២៥ ឆ្នាំម្នាក់ដែលមិនត្រូវបានបង្ហាញឈ្មោះ ដោយចោទប្រកាន់ពីបទគំរាមកំហែងប្រឆាំងនឹងស្ថានបេសកកម្មការទូតបារាំង។ ក្នុងនោះដែរ កាលពីប៉ុន្មានថ្ងៃមុន តុលាការក៏បានចេញដីកាចាប់ខ្លួនមនុស្សម្នាក់ទៀតដែលមានអាយុ ២៥ ឆ្នាំផងដែរ ពាក់ព័ន្ធនឹងករណីដូចគ្នានេះ។

ស្ថានទូតបារាំងនៅទីក្រុងសេអ៊ូល

ជនជាប់ចោទទាំង ២ នាក់ត្រូវបានចោទប្រកាន់ថាបានបង្ហោះខិតប័ណ្ណចំនួន ៥ សន្លឹក ដែលមានខ្លឹមសារដូចជា “កុំព្រងើយកន្តើយនឹងសាសនាឥស្លាម” “ កុំបំផ្លាញសាសនារបស់យើង”  និង “អ្នកដែលចង្អុលចុងកាំបិតមកយើង នឹងត្រូវសម្លាប់ដោយកាំបិត” នៅលើជញ្ជាំងស្ថានទូតបារាំងនៅកណ្តាលទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១ ខែវិច្ឆិកា កន្លងទៅ។

យោងតាមប៉ូលីសបានអោយដឹងថា ខិតប័ណ្ណមួយក្នុងចំណោមខិតប័ណ្ណផ្សព្វផ្សាយទាំងនោះ មានរូបភាពរបស់ប្រធានាធិបតីបារាំង Emmanuel Macron ដែលមានសញ្ញាខ្វែងពណ៌ក្រហមនៅពីលើទៀតផង។

តុលាការបានអនុញ្ញាតឱ្យប៉ូលីសដាក់ជនសង្ស័យក្នុងការឃុំឃាំងជាបណ្តោះអាសន្ន ដោយផ្អែកទៅលើស្ថានភាពទម្ងន់នៃទោស និងហានិភ័យដែលអាចបង្កចំពោះស្ថានបេសកកម្មអន្តរជាតិនៅក្នុងប្រទេសកូរ៉េ។ ក្នុងនោះដែរ ប៉ូលីសក៏កំពុងស៊ើបអង្កេតលើទំនាក់ទំនង និងគោលបំណងរបស់ជនសង្ស័យទាំងពីរ ជាពិសេសលើចេតនាបង្កនូវអំពើភេរវកម្មណាមួយ។

Leave a Reply

Your email address will not be published. Required fields are marked *