ភ្នំពេញ៖ នៅរៀងរាល់ថ្ងៃ ៩ វិច្ឆិកា កម្ពុជាតែងមានការប្រារព្ធពិធីបុណ្យឯករាជ្យជាតិយ៉ាងមហោឡារិក នៅវិមានឯករាជ្យក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងការមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូល នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលមកពីក្រសួងមន្ទីរនានា រួមទាំងក្រុមសិស្ស និស្សិត យុវជនកាយរិទ្ធិ និងមហាជននានាផងដែរ។
តើវិមានឯករាជ្យដែលជាទីកន្លែងប្រារព្ធពិធីបុណ្យជាតិដ៏សំខាន់នេះ មានប្រវត្តិបែបណាខ្លះ?
វិមានឯករាជ្យត្រូវបានបានកសាងឡើង ក្រោយពេលការទាមទារឯករាជ្យបានទាំងស្រុងពីអាណានិគមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយបានសម្ពោធឱ្យប្រើប្រាស់នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជាព្រះរាជបិតា សម្តេចព្រះ នរោត្តម សីហនុ។
វិមានដ៏ធំស្កឹមស្កៃដែលស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ នារង្វង់មូលចរាចររវាងមហាវិថីព្រះនរោត្តម និងរុក្ខវិថីព្រះសីហនុនេះ ជានិមិត្តរូបបញ្ជាក់ពីឯករាជ្យភាពរបស់ប្រទេសកម្ពុជាពីរបបអាណានិគមនិយមបារាំង និងសម្រាប់ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធបុព្វការីជន ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស។
កាលពីមុន គេហៅវិមានឯករាជ្យថាអនុស្សាវរីយ៍វិមានឯករាជ្យ។ វិមានឯករាជ្យនេះជាស្នាដៃរចនាប្លង់ (គូរប្លង់) ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ មូលីវណ្ណ (Vann Molyvann) និងសាងសង់ដោយលោក តឹង វឿត ជាស្ថាបត្យករដ៏ល្បីល្បាញនាសម័យនោះ។ វិមាននេះមានកម្ពស់២០ ម៉ែត្រ មាន ៥ជាន់ ដោយយកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លំអដោយក្បាលពស់នាគរាជចំនួន១០០ (១ជាន់ ២០, ១ជ្រុង ៥) ដែលរំលេចចេញយ៉ាងច្បាស់នូវម៉ូដ (រចនាបថ) របស់ប្រាង្គប្រាសាទអង្គរវត្ត។
ឯកសារមួយចំនួនបានពន្យល់ថាក្បាលពស់នាគរាជចំនួន ១០០នេះ គឺយកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន១០០ឆ្នាំ) គឺ៩០ឆ្នាំ (១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។
នៅចុងឆ្នាំ២០០៧ សាលារាជធានីភ្នំពេញ បានស្ថាបនាកែលំអរវិមានឯករាជ្យឱ្យមានសម្រស់កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត គួរជាទីទាក់ទាញដូចជា ដាក់ភ្លើងពណ៌ចម្រុះភ្លឺនៅពេលយប់ និងសួនបាញ់ទឹកប្តូរពណ៌នៅជុំវិញខឿនជាដើម ដែលការកែលំអរនេះចំណាយថវិកាអស់ ប្រហែល៥០០លានរៀល។
ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចជួសជុល និងកែលំអជាលើកទី២ ដោយចំណាយប្រាក់អស់ពី៨០ម៉ឺនដុល្លារ រហូតដល់ជាងមួយលានដុល្លារអាមេរិក ដែលជួសជុលរួចរាល់មុនពេលទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០១២។