ប្រធានាធិបតី មូន ជេអ៊ីន ផ្ញើសារលិខិតអបអរសាទរទៅប្រធានាធិបតីអាម៉េរិកជាប់ឆ្នោតថ្មី រំពឹងថាទំនាក់ទំនងទ្វេភាគី និងបញ្ហាឧបទ្វីបកូរ៉េនឹងប្រសើរឡើង

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានផ្ញើសារលិខិតអបអរសាទរទៅកាន់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិកថ្មី និងជាប្រធានាធិបតីអាម៉េរិកទី ៤៦ លោក ចូ ប៊ីដេន និងអនុប្រធានាធិបតីថ្មី លោកស្រី កាម៉ាឡា ហារីស ដោយភ្ជាប់ជាមួយក្តីសង្ឃឹមក្នុងការបង្កើតទំនាក់ទំនងល្អជាថ្មីរវាងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក។

នៅក្នុងសារលិខិតនោះ លោកប្រធានាធិបតីមូន បានលើកឡើងចំណងទំនាក់ទំនងរឹងមាំនៃសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ ហើយលោករំពឹងថាសម្ព័ន្ធមិត្តនេះនឹងបន្តសហការគ្នាដោយបន្តឈរលើគុណតម្លៃរួម និងបន្តសម្រេចបាននូវលទ្ធផលគាប់ប្រសើរជាច្រើនថ្មីក្នុងទំនាក់ទំនងទ្វេភាគីនេះ។

ក្នុងនោះដែរសម្រាប់ទំនាក់ទំនងក្នុងឧបទ្វីបកូរ៉េ គេក៏រំពឹងផងដែរថា ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិកថ្មីលោក ចូ ប៊ីដេន នឹងផ្លាស់ប្តូរនូវវិធីសាស្រ្តក្នុងការទំនាក់ទំនងជាមួយកូរ៉េខាងជើង ដែលអាចនឹងចាប់ផ្តើមពីំទំនាក់ទំនងសហការរវាងក្រុមការងារជំនាញជាមុនសិន (Bottom-up approach) ជាពិសេសគឺការទាមទារឱ្យមានលទ្ធផលពីការរំសាយអាវុធនុយក្លេអ៊ែរក្នុងកម្រិតថ្នាក់ជំនាញជាមុនសិន។ គេសង្កេតឃើញថា លោក ចូ ប៊ីដេន កន្លងមកតែងតែរិះគន់ពីវិធីសាស្រ្តចរចារបស់លោកដូណាល់ ត្រាំ ថាគ្រាន់ជាការធ្វើឱ្យមេដឹកនាំគីម ជុងអ៊ុន បានការចាប់អារម្មណ៍លើឆាកអន្តរជាត តែគ្មានបានលទ្ធផលជាដុំកំភួនអ្វីទាំងអស់។

សម្រាប់ទំនាក់ទំនងទ្វេភាគីនៃសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក គេរំពឹងថាលោកប្រធានាធិបតី ប៊ីដេន នឹងធ្វើឱ្យទំនាក់ទំនងនេះល្អប្រសើរឡើងវិញ ហើយរបៀបនៃការដឹកនាំរបស់លោក ប៊ីដេន ក៏នឹងមានភាពប្រាកដប្រជាជាងលោកដូណាល់ ត្រាំផងដែរ។ សូមបញ្ជាក់ថាកន្លងមក កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលរបស់ដូណាល់ ត្រាំ ហាក់មានបញ្ហារកាំរកូសពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្មសេរីកាលពីឆ្នាំ ២០១៨ និងការចរចាលើការចែករំលែកចំណាយលើការតាំងទ័ពរបស់សហរដ្ឋអាម៉េរិកនៅកូរ៉េខាងត្បូងផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ លោក ចូ ប៊ីដេន បាននាំមុខលោកដូណាល់ ត្រាំ ដោយទទួលបានអង្គបោះឆ្នោតរហូតដល់ ២៩០ ហើយ ក្រោយពីបានយកឈ្នះនៅរដ្ឋផេនស៊ីវា៉នៀ និងណេវ៉ាដា ខណៈចំនួនអង្គបោះឆ្នោតដែលត្រូវការដើម្បីឈ្នះការបោះឆ្នោតគឺត្រឹមតែ ២៧០ ប៉ុណ្ណោះ។ លោក ចូ ប៊ីដេន ក៏ធ្លាប់ជាអនុប្រធានាធិបតីអាម៉េរិកទី៤៧ នៅក្រោមរដ្ឋបាលរបស់លោកបារ៉ាក់ អូបាម៉ា ផងដែរ។

រូបភាពលោក ចូ ប៊ីដេន ពិនិត្យមើលព្រំដែនកូរ៉េខាងជើងកាលពីឆ្នំា ២០១៣

Leave a Reply

Your email address will not be published. Required fields are marked *