សេអ៊ូល៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានលើកឡើងនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងបន្តពិនិត្យ និងស៊ើបអង្កេតលើករណីជំងឺផ្តាសាយបក្សីថ្មីដែលទើងនឹងរកឃើញ ៤ ករណីពីសំណាកនៃលាមកបក្សី។
ក្រសួងកសិកម្មស្បៀងអាហារនិងកិច្ចការជនបទរបស់កូរ៉េខាងត្បូងបាននិយាយថាវាអាចចំណាយពេល ៥ ថ្ងៃ ដើម្បីកំណត់បានថា តើវីរុសនេះជាប្រភេទវីរុសផ្តាសាយបក្សី ឬយ៉ាងណា។
នៅក្នុងខែតុលានេះ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សី H5N8 ចំនួន ២ ករណីនៅទីក្រុងយ៉ុងគីន (Yongin) ដែលស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូល និងទីក្រុងឆូណាន (Cheonan) ដែលជាការផ្ទុះឡើងដំបូងក្នុងរយៈពេល ៣២ ខែ។
យោងតាមក្រសួងបានឱ្យដឹងថា គេបានរកឃើញករណីសង្ស័យចំនួន ២ បន្ថែមទៀតនៅភាគនិរតីទីក្រុងគុនសាន (Gunsan) និងទីក្រុងយ៉ាងជូ (Yangju) ស្ថិតនៅភាគខាងជើងនៃទីក្រុងសេអ៊ូល ដែលក្រោយមកត្រូវបានគេរកឃើញថាមានជំងឺផ្តាសាយបក្សីដែលមិនឆ្លងរាលដាលខ្លាំង។
សូមបញ្ជាក់ថាប្រភេទនៃជំងឺផ្តាសាយបក្សីនេះ មានប្រភេទដែលឆ្លងរាលដាលខ្លាំង និងប្រភេទដែលមិនសូវឆ្លងរាលដាលខ្លំាង។ ជំងឺផ្ដាសាយបក្សីដែលឆ្លងរាលដាលខ្លាំង អាចបង្កធ្វើឱ្យមាន់ និងបក្សីដែលបានឆ្លង ឈឺខ្លាំង និងអាចបណ្តាលឱ្យស្លាប់ទៀតផង។
មន្ត្រីជំនាញសុខាភិបាល កាលពីថ្មីៗនេះបានបើកការស៊ើបអង្កេតនៅទីតាំងធម្មជាតិដែលជាទូទៅបក្សីធ្វើការបម្លាស់ទីដោយធម្មជាតិ ចំនួន ១០ កន្លែង និងបានពង្រឹងវិធានការការពារនៅកសិដ្ឋានចិញ្ចឹមសត្វ និងបក្សីនៅក្បែរនោះ។ ក្រុមមន្ត្រីកំពុងធ្វើការឃ្លាំមើលយ៉ាងហ្មត់ចត់នៅកសិដ្ឋានចិញ្ចឹមសត្វខ្នាតតូចជាង ៦៥.០០០ នៅក្នុងប្រទេស ហើយបានបញ្ចប់ការឃ្លាំមើលប្រហែលពាក់កណ្តាលនៃចំនួនកសិដ្ឋានសរុបទាំងអស់។
ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News