ក្រុមហ៊ុនCelltrion Inc.៖ ថ្នាំ CT-P59 របស់ខ្លួន បង្ហាញប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានអាការៈមធ្យម

សេអ៊ូល៖ ក្រុមហ៊ុនវេជ្ជសាស្រ្ត Celltrion Inc. របស់កូរ៉េខាងត្បូងបានលើកឡើងថាបេក្ខភាពថ្នាំរបស់ខ្លួនដើម្បីព្យាបាលជំងឺមេរោគ បានបង្ហាញប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺដែលមានអាការៈមធ្យម។

លទ្ធផលនៃការធ្វើតេស្តសាកល្បងនៃថ្នាំ CT-P59 សម្រាប់ព្យាបាលបង្កើតប្រព័ន្ធស៊ាំការពាររាងកាយនេះ បង្ហាញថាក្រុមអ្នកជំងឺដែលបានប្រើប្រាស់សាកល្បង ហាក់បានជាលឿនជាងពេលវេលាព្យាបាលធម្មតារហូតដល់ ៤៤ ភាគរយ។

ក្នុងការសាកល្បងនេះ គេបានព្យាបាលសាកលើមនុស្ស ១៨ នាក់ដែលមានអាការៈស្រាល​ ទៅមធ្យម ភាគច្រើនជាមនុស្សចាស់ នៅទីតាំងបីផ្សេងគ្នាក្នុងប្រទេសកូរ៉េខាងត្បូង និងនៅអឺរ៉ុប ដើម្បីវាយតម្លៃលើសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំ CT-P59។ នេះជាការធ្វើតេស្តសាកល្បងលើកទី២ បន្ទាប់ពីជោគជ័យនៃការធ្វើតេស្តលើកទី១ ជាមួយអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អមិនមានជំងឺកូវីដ-១៩ ចំនួន ៣២ នាក់កន្លងមក។

ក្នុងនោះដែរ ក្រុមហ៊ុន Celltrion Inc. ក៏មានគោលបំណងចង់សាកល្បងធ្វើតេស្តថ្នាំ CT-P59 នេះជាមួយអ្នកដែលមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Celltrion Inc. មានផែនការចង់ពន្លឿនការធ្វើតេស្តសាកល្បងបន្តបន្ទាប់ទៀត ដែលគ្រោងនឹងធ្វើនៅជុំវិញពិភពលោក សម្រាប់ការធ្វើតេស្តដំណាក់ទី២ និងទី៣​ របស់ខ្លួន ហើយគ្រោងនឹងបញ្ចប់ការធ្វើតេស្តសាកល្បងទាមងស្រុងឱ្យបានត្រឹមចុងឆ្នាំ ២០២០នេះ។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *