ក្រុមហ៊ុនឯកជនមួយនៅឆូណានរកឃើញករណីឆ្លងកូវីដជាចង្កោមភ្លាមៗដល់ទៅ ២១ នាក់ ក្រោយពីមានបុគ្គលិកម្នាក់ឆ្លងមុនគេ

ឆូណាន កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានបុគ្គលិក ២១ នាក់នៃការិយាល័យភ្នាក់ងារទូរស័ព្ទនៃក្រុមហ៊ុនហិរញ្ញវត្ថុឯកជនមួយនៅតំបន់ឆូណាន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ បើតាមការរាយការណ៍នៅថ្ងៃព្រហស្បត្តិ៍នេះ។

បើតាមសាលាក្រុងឆូណាន ដែលជាទីក្រុងមួយនៅប្រមាណ ៩០ គីឡូមែត្រពីទីក្រុងសេអ៊ូល ការិយាល័យភ្នាក់ងារខលនៃក្រុមហ៊ុនធានារ៉ាប់រង Shinhan Life Insurance Co. និងក្រុមហ៊ុន Shinhan Card Co. បានរាយការណ៍ពីករណីឆ្លងជាចង្កោមរហូតដល់ជាង ២០នាក់ក្នុងចំណោមបុគ្គលិករបស់ខ្លួន ដែលរកឃើញនៅថ្ងៃព្រហស្បត្តិ៍នេះ។

ករណីឆ្លងជាចង្កោមនេះត្រូវបានគេរាយការណ៍មានប្រភពចេញពីស្រ្តីម្នាក់ជាបុគ្គលិក ដែលត្រូវបានរកឃើញតេស្តវិជ្ជមានកូវីដ-១៩ មុនគេ។ ស្រ្តីខាងលើបានបង្ហាញអាការៈក្តៅខ្លួន និងបានធ្វើតេស្តរកមេរោគកូរ៉ូណាភ្លាមៗ ហើយក្រោយមកបុគ្គលិកដែលនៅក្នុងការិយាល័យជាមួយគ្នាទាំង ៧៥ នាក់ បានរកឃើញវិជ្ជមានចំនួន ២០នាក់បន្ថែមទៀត។ ក្នុងនោះដែរ អ្នកដែលជាប់ពាក់ព័ន្ធបន្តបន្ទាប់មានសមាជិកគ្រួសាររបស់អ្នកដែលបានរកឃើញវិជ្ជមានប្រមាណជាង ១៧០ នាក់ទៀត ក៏ត្រូវធ្វើតេស្តជាបន្តបន្ទាប់ផងដែរ។

បើតាមការលើកឡើងរបស់មន្ត្រីសាលាក្រុងឆូណាន គេបានរកឃើញថាបុគ្គលិកនៅក្នុងការិយាល័យនោះមិនបានអនុវត្តឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ទូទៅនៃការធ្វើចត្តាឡីស័កនោះទេ ហើយទីតាំងការិយាល័យធ្វើការនោះក៏មានបញ្ហាទាក់ទងនឹងប្រព័ន្ធខ្យល់ក្នុងអាគារផងដែរ។

ក្រោយពីរកឃើញករណីឆ្លងជាចង្កោមបែបនេះ សាលាក្រុងឆូណានបានសម្រេចបិទអាគារទាំងមូល ដើម្បីធ្វើការសម្លាប់មេរោគ ហើយបានធ្វើការតម្លើងវិធានការគម្លាតសង្គមនៅក្នុងទីក្រុងទៅកម្រិត ១.៥ ដែលជាកម្រិតខ្ពស់ទីពីរ ក្នុងកម្រិតទាំង ៥ ដែលរដ្ឋាភិបាលទើបនឹងដាក់ចេញអនុវត្តថ្មីៗនេះ។

ក្រោមវិធានការកម្រិត ១.៥ ក្លឹបកម្សាន្ត និងអាគារពហុបំណងផ្សេងៗត្រូវរក្សាភ្ញៀវ និងអតិថិជនឱ្យនៅកម្រិតយ៉ាងច្រើន ១ នាក់ ក្នុងរង្វង់ ៤មែ៉ត្រការ៉េ ហើយការជួបជុំដែលមានមនុស្សលើសពី ១០០ នាក់ត្រូវបានហាមឃាត់ផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *