កូរ៉េខាងត្បូង៖ ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាបានជូនដំណឹងអំពីកម្មវិធីអាហារូបករណ៍ទៅសិក្សានៅកូរ៉េ 2021 Academy of Korean Studies សម្រាប់សិស្ស និស្សិតបរទេសដែលចង់ទៅសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតថ្នាក់បណ្ឌិតនៅកូរ៉េខាងត្បូងសម្រាប់ឆ្នាំ ២០២១។
កម្មវិធីអាហារូបករណ៍នេះសិក្សានៅសាលា Graduate School of Korean Studies ដែលជាវិទ្យាស្ថានរបស់បណ្ឌិតសភានៃការសិក្សាអំពីកូរ៉េ (Academy of Korean Studies) ដែលជាស្ថាប័នរបស់ក្រសួងអប់រំកូរ៉េ។ សាលានេះមាននិស្សិតបច្ចុប្បន្នចំនួន ៣០០ នាក់ ដែលក្នុងនោះជាងពាក់កណ្តាលជានិស្សិតអន្តរជាតិ មកពីជាង ៣០ប្រទេស កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតថ្នាក់បណ្ឌិត។

កម្មវិធីអាហារូបករណ៍នេះផ្តោតលើមុខជំនាញធំៗ ៤គឺ៖
១. ជំនាញមនុស្សសាស្រ្ត
២. ជំនាញវប្បធម៌ និងសិល្បៈ
៣. ជំនាញវិទ្យាសាស្រ្តសង្គម និង
៤. ជំនាញសិក្សាអំពីកូរ៉េ
ក្នុងមុខជំនាញធំៗនីមួយៗ សិស្ស និស្សិតដែលចាប់អារម្មណ៍អាចធ្វើការជ្រើសរើសមុខជំនាញជាក់លាក់ទៀត ដោយចូលទៅពិនិត្យមើលក្នុងកម្មវិធីអាហារូបករណ៍ផ្ទាល់។
អត្ថប្រយោជន៍ទទួលបាន៖
- ការបង់ថ្លៃសិក្សាពេញលេញ
- ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់និស្សិតដែលបានទទួលអាហារូបករណ៍
- ការសិក្សាភាសាកូរ៉េ និងកម្មវិធីវប្បធម៌ដទៃទៀត
លក្ខខណ្ឌជ្រើសរើស៖
- ត្រូវជានិស្សិតដែលមានសញ្ជាតិបរទេស (ក្រៅពីជនជាតិកូរ៉េ) ឬអាចជាជនជាតិកូរ៉េដែលនៅក្រៅប្រទេស ឬជាសញ្ជាតិបរទេស តែមានឪពុកម្តាយសញ្ជាតិកូរ៉េ
- ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ (សម្រាប់វគ្គសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់) និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (សម្រាប់វគ្គសិក្សាថ្នាក់បណ្ឌិត)
- ត្រូវមានចំណេះដឹងភាសាអង់គ្លេស និងភាសាកូរ៉េ (ទៅតាមមុខវិជ្ជាដែលបេក្ខជនជ្រើសរើស)
ដំណើរការជ្រើសរើសបេក្ខជន៖
- ដំណាក់កាលទី១៖ ការធ្វើតេស្តភាសាកូរ៉េ (ប្រសិនបើបេក្ខជនមិនបានជូនភ្ជាប់នូវវិញ្ញាបនបត្រ TOPIK បញ្ជាក់ពីចំណេះដឹងភាសាកូរ៉េ វិទ្យាស្ថាននឹងធ្វើការទំនាក់ទំនងទៅបេក្ខជនផ្ទាល់ ដើម្បីធ្វើតេស្តសមត្ថភាពភាសាកូរ៉េ)
- ដំណាក់កាលទី២៖ ការពិនិត្យមើលឯកសារដែលបានភ្ជាប់ជូន
- ដំណាក់កាលទី៣៖ ការសម្ភាសន៍តាមប្រព័ន្ធវីដេអូ
សម្រាប់ព័ត៌មានដទៃទៀតទាក់ទងនឹងមុខវិជ្ជា និងឯកសារពាក់ព័ន្ធដែលត្រូវត្រៀម សូមពិនិត្យមើលគេហទំព័រ៖ ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា