ម្ចាស់ក្រុមហ៊ុនធំៗនៅកូរ៉េដែលចូលរួមបុណ្យសពអតីតប្រធាន Samsung កំពុងភ័យខ្លួន ក្រោយរកឃើញករណីកូវីដ-១៩ ពីអ្នកចូលរួម

សេអ៊ូល៖ ក្រុមអ្នកអភិជនធំៗ និងមន្ត្រីអ្នកមុខអ្នកការជាន់ខ្ពស់ជាច្រើនរបស់កូរ៉េដែលបានចូលរួមក្នុងពិធីបុណ្យសពរបស់អតីតប្រធានក្រុមហ៊ុនសាមស៊ុង កំពុងតែបារម្ភ ក្រោយពីមានអ្នកសារព័ត៌មានម្នាក់ដែលចូលរួមក្នុងកម្មវិធីនោះដែរ រកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃពុធនេះ។

បើតាមប្រភពពីខាងក្នុងរង្វង់អ្នកធុរកិច្ច គេបានដឹងថាប្រធានក្រុមហ៊ុន SK Group និងប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ជាមនុស្សសំខាន់ៗ ក្នុងចំណោមអ្នកជាច្រើនទៀតដែលបានទៅធ្វើតេស្តរកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កខ្លួនឯង ក្រោយពីបានទទួលព័ត៌មានពីការឆ្លងរបស់អ្នកសារព័ត៌មានរូបនោះ។

ក្នុងនោះដែរ សមាជិកធំៗនៃក្រុមហ៊ុន Samsung Group និងសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលកូរ៉េមួយចំនួន រួមទាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េផងដែរ ក៏ត្រូវបានគេរាយការណ៍ថាបានទៅទទួលការធ្វើតេស្តផងដែរ តែមិនទាន់រកឃើញថាមានលទ្ធផលវិជ្ជមាននោះទេ។

ពិធីបុណ្យសពរបស់អតីតម្ចាស់ក្រុមហ៊ុន​ Samsung នេះបានធ្វើឡើងកាលពីថ្ងៃទី ២៨ តុលា ឆ្នាំ២០២០ កន្លងទៅ។

សូមបញ្ជាក់ថា ការឆ្លងកូវីដ-១៩ នៅតែបន្តជាបញ្ហាប្រឈមនៅកូរ៉េ ដោយមានការបន្តឆ្លងយ៉ាងហោចណាស់ក្បែរ ១០០ នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ទិដ្ឋភាពនៃពិធីបុណ្យសពរបស់អតីតប្រធានក្រុមហ៊ុនសាមស៊ុង ដែលមានអ្នកធំៗជាច្រើនបានចូលរួម

Leave a Reply

Your email address will not be published. Required fields are marked *