ចារកម្មកូរ៉េខាងត្បូង៖ បញ្ហាធាត់ខ្លាំងលើសទម្ងន់ មិនទាន់ចោទជាបញ្ហាសុខភាពសម្រាប់លោក គីម ជុងអ៊ុន នោះទេ

សេអ៊ូល៖ មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ហាក់មិនមានបញ្ហាសុខភាពណាមួយឡើយ បើទោះបីជាមានទម្ងន់លើសគីឡូច្រើនខ្លាំងក៏ដោយ នេះបើតាមប្រភពចារកម្មជាន់ខ្ពស់របស់កូរ៉េខាងត្បូងដែលបានលើកឡើងនៅថ្ងៃអង្គារនេះ។

នៅក្នុងសម័យប្រជុំសភាកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ អង្គភាពចារកម្មរបស់កូរ៉េខាងត្បូងបានធ្វើការរាយការណ៍ពីលទ្ធផលនៃកិច្ចការរបស់ខ្លួន ក្នុងនោះមានទាំងការតាមឃ្លាំមើលសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងផងដែរ។ បើតាមការរាយការណ៍ មេដឹកនាំកូរ៉េខាងជើងដែលបច្ចុប្បន្នមានទម្ងន់ដល់ទៅចន្លោះ ១៤០ គីឡូក្រាម ក្រោយពីបានឡើងទម្ងន់ជាប្រចាំយ៉ាងហោចណាស់ ៦ ទៅ ៧ គីឡូក្រាមក្នុងមួយឆ្នាំៗ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១២ មក។ អង្គភាពចារកម្មកូរ៉េខាងត្បូងបានបញ្ជាក់ថាបញ្ហាធាត់លើសទម្ងន់របស់លោក គីម ជុងអ៊ុន មិនទាន់ចោទជាបញ្ហានោះទេ ដោយសារគាត់នៅមានវ័យក្មេងនៅឡើយ។

ក្នុងនោះដែរ អង្គភាពចារកម្មក៏បានបង្ហាញថា ថ្មីៗនេះលោក គីម ជុងអ៊ុន ទើបនឹងព្យាបាលបញ្ហារបួសជើងរបស់លោក ដែលកន្លងមកតែងបង្កឱ្យមានការឈឺចាប់ និងខ្សោយត្រង់ម្រាមជើង បាតជើង និងកជើង ដែលបាននាំឱ្យលោកជារឿយៗពិបាកក្នុងការដើរផងដែរ ប៉ុន្តែក្រោយពីបានព្យាបាលរួចរាល់ គាត់បានដើរដោយធម្មតាវិញបានហើយ។

កាលពីថ្មីៗនេះ ការបាត់វត្តមានមួយរយៈយ៉ាងចម្លែករបស់លោក គីម ជុងអ៊ុន បានបង្កឱ្យមានពាក្យចចាមអារ៉ាមលើកឡើងអំពីបញ្ហាសុខភាពរបស់លោក ដែលនាំឱ្យលោកត្រូវបាត់មុខឈឹងពីសកម្មភាពក្នុងជួរបក្ស និងក្នុងការដឹកនាំកូរ៉េខាងជើងជាដើម។

សូមបញ្ជាក់ថា លោក គីម ជុងអ៊ុន ជាមេដឹកនាំកូរ៉េខាងជើងស្នងតំណែងបន្តពីឪពុករបស់ខ្លួន លោក គីម ជុងអ៊ីល ដែលបានបាត់បង់ជីវិតភ្លាមៗដោយបញ្ហាសុខភាពក្នុងឆ្នាំ ២០១១។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

 

Leave a Reply

Your email address will not be published. Required fields are marked *