លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ អញ្ជើញជាតំណាងសាលាខេត្តបាត់ដំបងទទួលយករថយន្តសង្គ្រោះបន្ទាន់ ២ គ្រឿងពីទីក្រុងសេជុងរបស់កូរ៉េ

សេជុង កូរ៉េខាងត្បូង៖ លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ បានអញ្ជើញជាតំណាងក្នុងកម្មវិធីទទួលរថយន្តសង្គ្រោះបន្ទាន់ ២ គ្រឿងពីសំណាក់សាលាក្រុងសេជុង (Sejong) ជូនដល់ខេត្តបាត់ដំបង នេះបើតាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្ទាល់របស់លោកទូតនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

រថយន្តសង្គ្រោះបន្ទាន់ ២ គ្រឿងនេះ ជាចំណងដៃក្នុងការភ្ជាប់សម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងរបស់កម្ពុជា និងទីក្រុងសេជុង (Sejong) របស់កូរ៉េ។ ជាតំណាងឱ្យសាលាខេត្តបាត់ដំបងរបស់កម្ពុជា លោកឯកអគ្គរាជទូត និងក្រុមការងារស្ថានទូតបានអញ្ជើញដល់ទីក្រុងសេជុង (Sejong) ដែលជាទីក្រុងស្វយ័តពិសេសរបស់កូរ៉េ ដើម្បីមកចូលរួមកម្មវិធីទទួលនូវរថយន្តសង្គ្រោះបន្ទាន់នេះ ដែលជាអំណោយរបស់អង្គភាពសង្រ្គោះបន្ទាន់នៃសាលាក្រុងសេជុង ជាមួយនឹងអភិបាលក្រុងសេជុងផ្ទាល់។

ទំនាក់ទំនងដ៏ល្អរវាងសាលាខេត្តបាត់ដំបង និងទីក្រុងសេជុងនេះជាលទ្ធផលនៃគំនិតផ្ដួចផ្ដើមប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េកាលពីខែ មេសា ឆ្នាំ២០១៩កន្លងមក។

លោក ឡុង ឌីម៉ង់ បានរៀបរាប់ផងដែរថា ខេត្តបាត់ដំបងយើងគឺជាខេត្តមួយដែលមានសក្តានុពលលើវិស័យជាច្រើន ជាពិសេសគឺកសិកម្ម។ ទីក្រុង Sejong ក្នុងន័យនៃកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើការផ្លាស់ប្ដូរការចែករំលែកបទពិសោធន៍ជាមួយខេត្តបាត់ដំបងក្នុងការជំរុញអភិវឌ្ឍគោលនយោបាយកសិកម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះដែរ លោកឯកអគ្គរាជទូតបានបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីថា ស្ថានទូតកម្ពុជានឹងខិតខំឲ្យអស់ពីលទ្ធភាពក្នុងការសម្របសម្រួល ជ្រោមជ្រែង និងផ្ដល់នូវកិច្ចសហការនានាដើម្បីឲ្យកម្ពុជា និងកូរ៉េ រួមទាំងរវាងខេត្តបាត់ដំបង និងក្រុងសេជុង (Sejong) កាន់តែមានភាពស្អិតរមួត និងផ្ដល់នូវផលប្រយោជន៍រួមទៅវិញទៅមក។

សូមបញ្ជាក់ថា សាលាក្រុងសេជុង និងសាលាខេត្តបាត់ដំបងបានចុះហត្តលេខាលើលិខិតបញ្ជាក់ពីបំណង ( letter of intent) ចងសម្ព័ន្ធគ្នាជាទីក្រុងសម្ព័ន្ធមេត្រី ឬមិត្តភាពនឹងគ្នាកាលពីខែសីហា កន្លងមក ហើយដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ពិសេសវិស័យកសិកម្ម និងការអភិវឌ្ឍទីក្រុងវៃឆ្លាត សាលាក្រុងសេចុងបានសម្រេចផ្ដល់រថយន្ដសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿងនេះ ដែលបំពាក់បរិក្ខារទំនើបៗ ជូនសាលាខេត្តបាត់ដំបង តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែនឹងទៅដល់ប្រទេសកម្ពុជានាចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ខាងមុខ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *