សេអ៊ូល៖ តារាកំប្លែងស្រីកូរ៉េខាងត្បូង Park Ji-sun ត្រូវបានប៉ូលីសរកឃើញថាបានស្លាប់ ជាមួយនឹងម្តាយរបស់នាងនៅក្នុងផ្ទះខ្លួនឯងផ្ទាល់ នៅល្ងាចថ្ងៃចន្ទនេះ បើតាមការរាយការណ៍ពីសំណាក់ប៉ូលីសកូរ៉េខាងត្បូង។
ប៉ូលីសបានរកឃើញថាតារាកំប្លែងរូបនេះបាត់បង់ជីវិត នៅវេលាម៉ោង ១:៤៤ នាទីរសៀលនៅនឹងផ្ទះរបស់នាងផ្ទាល់ នៅក្នុងសង្កាត់ម៉ាផូ (Mapo district) ក្នុងទីក្រុងសេអ៊ូល ក្រោយពីឪពុករបស់នាងបានរាយការណ៍មកប៉ូលីសថាមិនអាចទាក់ទងមកកូនរបស់ខ្លួន និងម្តាយនាងបាន។
នៅនឹងផ្ទះរបស់នាងផ្ទះ ប៉ូលីសបានរកឃើញនូវលិខិតមួយច្បាប់បន្សល់ទុក ដែលទំនងជាសរសេរដោយម្តាយរបស់តារាកំប្លែងនេះ តែខាងប៉ូលីសមិនបានបញ្ចេញខ្លឹមសារនៃលិខិតនោះទេ ទៅតាមការស្នើសុំរបស់ភាគីគ្រួសារជនរងគ្រោះទាំងពីរ។
ខណៈដែលគេមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដនៃការស្លាប់ ប៉ុន្តែគេអាចសន្និដ្ឋានជំហានដំបូងថានេះជាករណីអត្តឃាតដោយម្តាយ និងកូនទាំងពីរសម្រេចបញ្ចប់ជីវិតដោយខ្លួនឯង។ ប៉ូលីសស៊ើបអង្កេតបញ្ជាក់ថាមិនទាន់រកឃើញភស្តុតាងណាមួយបញ្ជាក់ពីហេតុផលណាផ្សេងក្រៅពីការធ្វើអត្តឃាតនោះទេ។
តារាកំប្លែងរូបនេះមានអាយុ ៣៥ ឆ្នាំ និងបានស្នាក់នៅផ្ទាល់ជាមួយនឹងម្តាយរបស់ខ្លួន។ គេបានដឹងថាតារាកំប្លែងរូបនេះមានអាការៈអាឡាក់ហ្ស៊ីទៅនឹងពន្លឺព្រះអាទិត្យ និងគ្រឿងសម្អាង តែកន្លងមកនាងមិនដែលរួញរាក្នុងការតុបតែងគ្រឿងសម្អាងដើម្បីអាចបង្ហាញខ្លួនលើឆាកទូរទស្សន៍ជាតារាកំប្លែងនោះទេ។ ថ្មីៗនេះផងដែរ គេសង្កេតឃើញថាករណីសុខភាពរបស់នាងហាក់មានបញ្ហាកាន់តែរ៉ាំរ៉ៃ ហើយកាលវិភាគសម្តែងរបស់នាងភាគច្រើនក៏ត្រូវបានគេផ្អាកផងដែរ។
នាងបានចាប់ផ្តើមអាជីពជាអ្នកកំប្លែងតាំងពីឆ្នាំ ២០០៧ នៅក្នុងស្ថានីយ៍ទូរទស្សន៍ខេប៊ីអេស (KBS) របស់កូរ៉េខាងត្បូង ព្រមទាំងបានទទួលរង្វាន់ជាតារាកំប្លែងថ្មីដែលឆ្នើមកាលនោះផងដែរ។ នាងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងអាជីពសិល្បៈ ដោយទទួលបានការគាំទ្រ និងបានពានរង្វាន់សិល្បៈមួយចំនួនផងដែរ។