ក្រុមការងារស្ថានទូតកម្ពុជា និងពុទ្ធសាសនិកខ្មែរនៅកូរ៉េ រៀបចំពិធីស្វាគមន៍វត្តមានព្រះសង្ឃខ្មែរទី ៣ ដែលទើបនឹងនិមន្តដល់កូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ពុទ្ធសាសនិកខ្មែរដែររស់នៅប្រទេសកូរ៉េបានរៀបចំកម្មវិធីស្វាគមន៍វត្តមាននិមន្តមកដល់របស់ព្រះតេជគុណ ប៊ុត ចំរើន នៅលើទឹកដីកូរ៉េខាងត្បូង។

សព្វថ្ងៃនេះនៅប្រទេសកូរ៉េខាងត្បូងមានព្រះសង្ឃកម្ពុជា ៣ អង្គ ហើយសម្រាប់ពុទ្ធសាសនិកជនខ្មែរគោរពប្រតិបត្តិបន្ទាប់ពីការនិមន្តមកដល់របស់ព្រះតេជគុណ ប៊ុត ចំរើន។ ព្រះអង្គនឹងគង់នៅរៀនសូត្រនៅប្រទេសកូរ៉េ ហើយនឹងបង្កើតមជ្ឈមណ្ឌលព្រះពុទ្ធសាសនា ដែលព្រះសង្ឃអង្គទីបីគង់នៅប្រទេសកូរ៉េនេះ នាទីក្រុងក្វាងជូធំ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ឡុង ឌីម៉ង់ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការនៃការនិមន្តមកដល់របស់ព្រះសង្ឃខ្មែរព្រះនាម វិរិយបណ្ឌិតោ ប៊ុត ចំរើន មកគង់នៅទីក្រុងក្វាងជូធំ ដែលមកបន្តការសិក្សា និងសម្រាប់ជាទីគោរពសក្ការៈតាមផ្លូវព្រះពុទ្ធសាសនា។

បន្ទាប់ពីអនុវត្តន៍គោលការណ៍ចត្តាឡីស័ក១៤ថ្ងៃរបស់អាជ្ញាធរកូរ៉េចប់សព្វគ្រប់ កម្មវិធីទទួលស្វាគមន៍ជាផ្លូវការដែលផ្តួចផ្តើម និងរៀបចំដោយព្រះតេជគុណ ពៅ សុភក្រ័ មជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងក្វាងជូធំ សមាគមកម្ពុជាឆុនណាំក្វាងជូ បានទួទលស្វាគមន៍វត្តមានរបស់ព្រះតេជគុណ ប៊ុត ចំរើន ដោយមានការចូលរួមពីក្រុមការងារស្ថានទូត និងបងប្អូនពុទ្ធសាសនិកជនខ្មែរមួយចំនួនផងដែរ។

តាមរយៈទំព័រហ្វេសប៊ុករបស់លោកទូត ឡុង​ ឌីម៉ង់ ព្រះតេជគុណ ប៊ុត ចំរើន នឹងរួមជាកម្លាំងដ៏រឹងមាំមួយទៀតរួមជាមួយព្រះតេជគុណ ពៅ សុភ័ក្រ, ព្រះតេជគុណ រិន សារ៉ូ និងជាមួយស្ថានទូតកម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់បងប្អូនពលរដ្ឋខ្មែរយើងនៅកូរ៉េ ក៏ដូចជាចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ កិត្តិយសនិងកិត្យានុភាពជាតិកម្ពុជានៅកូរ៉េ។

 

Leave a Reply

Your email address will not be published. Required fields are marked *