អ្នកសេអ៊ូលត្រៀមខ្លួនឱ្យហើយ!! ចាប់ពីថ្ងៃទី ១៣ វិច្ឆិកានេះទៅ អជ្ញាធរកូរ៉េនឹងចាប់ផ្តើមការផាកពិន័យអ្នកមិនពាក់ម៉ាស់ហើយ

សេអ៊ូល៖ ចាប់ពីថ្ងៃទី ១៣ វិច្ឆិកាខាងមុខនេះទៅ សាលាក្រុងសេអ៊ូលនឹងចាប់ផ្តើមអនុវត្តការផាកពិន័យសម្រាប់ការល្មើសមិនពាក់ម៉ាស់តាមទីសាធារណៈហើយ ជាវិធានការការពារពីចម្លងកូវីដ-១៩ នៅតាមទីសាធារណៈ។

ក្នុងការអនុវត្តវិធាន​ការថ្មីនេះ អ្នកដែលល្មើសមិនពាក់ម៉ាស់នៅតាមទីសាធារណៈក្នុងទីក្រុងសេអ៊ូល នឹងត្រូវផាកពិន័យទឹកប្រាក់ ១០ម៉ឺនវ៉ុន (ប្រមាណ ៨៨ ដុល្លារ) ដោយនឹងត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃសុក្រទី ១៣ វិច្ឆិកា ២០២០តទៅ។

វិធានការផាកពិន័យនេះត្រូវលើកលែងចំពោះកុមារអាយុក្រោម ១៤ ឆ្នាំ អ្នកពិការ និងអ្នកដែលមានបញ្ហាសុខភាពផ្ទាល់ខ្លួនមិនអាចពាក់ម៉ាស់បាន។ ចំណែកឯអ្នកដែលត្រូវចាប់បានថាល្មើសនឹងវិធានការនេះ អាចនឹងទទួលបានការបន្ធូរបន្ថយការផាកពិន័យចំនួន ២០% នៃតម្លៃផាកពិន័យសរុប ប្រសិនបើអាចផ្តល់ហេតុផលសមស្របសម្រាប់ការល្មើសនោះបាន។

សាលាក្រុងសេអ៊ូលក៏បានបញ្ជាក់ថា នឹងរឹតបន្តឹងផងដែរនូវវិធានការនេះចំពោះទីកន្លែងដូចជារោងភាពយន្ត និងហាងកាហ្វេ ក្រៅពីទីតាំង ៥ ដែលជាគោលដៅអាទិភាពរួមមានទីកន្លែងជួបជុំសាធារណៈ មធ្យោបាយដឹកជញ្ជូនសាធារណៈ ទីតាំងជួបជុំតវ៉ា ឬធ្វើបាតុកម្ម មន្ទីរពេទ្យ និងមន្ទីរចាស់ជរា។

យ៉ាងណាមិញ វិធានការពាក់ម៉ាស់ក៏ត្រូវអនុវត្តចំពោះទីតាំងមួយចំនួនដូចជាបារ ក្លឹបកម្សាន្ត បន្ទប់ខារ៉ាអូខេ ភោជនីយដ្ឋានអាហារប៊ូហ្វេ និងសាលាបង្រៀនគួរ វិហារ ឬទីតាំងសាសនា និងទីតាំងរៀបអាពាហ៍ពិពាហ៍ផងដែរ។

តាមការបញ្ជាក់របស់អជ្ញាធរ ការដាក់វិធានការនេះមិនមានគោលបំណងចង់ទទួលបានការផាកពិន័យនោះទេ តែគឺដើម្បីជម្រុញឱ្យប្រជាជនអនុវត្តឱ្យបានម៉ត់ចត់នូវវិធានការការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលចំនួននៃករណីឆ្លងថ្មីហាក់នៅមានការបន្តកើតឡើងគួរឱ្យព្រួយបារម្ភដដែលនោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *