ចំនួនអ្នកស្លាប់ក្រោយចាក់វ៉ាក់សាំងផ្តាសាយកើនដល់ ៨៣ នាក់ តែអជ្ញាធរនៅបន្តបដិសេធថាមិនជាប់ពាក់ព័ន្ធនឹងសុវត្ថិភាពនៃវ៉ាក់សាំងឡើយ

សេអ៊ូល៖ គិតត្រឹមល្ងាចថ្ងៃសៅរ៍មិ្សលមិញ កូរ៉េខាងត្បូងរកឃើញករណីបាត់បង់ជីវិតក្រោយពីចាក់វ៉ាក់សាំងផ្តាសាយដល់ទៅ ៨៣ នាក់ ដែលជាតួលេខហាក់បន្តកើនឡើងគួរឱ្យកត់សម្គាល់ បើតាមទិន្នន័យផ្តល់ដោយអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង។

ក្នុងចំណោមអ្នកបាត់បង់ជីវិតក្រោយពីចាក់វ៉ាក់សាំង គេរកឃើញថាភាគច្រើនជាមនុស្សចាស់ ប៉ុន្តែបើតាមការពិនិត្យដោយក្រុមការងារជំនាញសុខាភិបាលរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ក្នុងចំណោមអ្នកបាត់បង់ជីវិត ៧២ នាក់ គឺមានការជាប់ទាក់ទងតិចណាស់ ឬសឹងតែអត់ទៅនឹងហេតុផលណាមួយដែលអាចបណ្តាលពីវ៉ាក់សាំងផ្ទាល់ ខណៈដែល ១១ ករណីទៀតកំពុងត្រូវបានបន្តពិនិត្យ។

ក្នុងចំណោមអ្នកស្លាប់ មាន ៣៧ ករណីស្ថិតក្នុងអាយុខ្ទង់ ៧០ ឆ្នាំ​ ៣៤ ករណីទៀតស្ថិតក្នុងខ្ទង់អាយុ ៨០ ឆ្នាំឡើង ៤ ករណីស្ថិតក្នុងអាយុខ្ទង់ ៦០ឆ្នាំ និង ៦ ករណីផ្សេងទៀតមានអាយុក្រោយ ៦០ឆ្នាំ បើតាមទិន្នន័យផ្តល់ដោយមជ្ឈមណ្ឌលខាងលើ។

អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅតែបន្តបញ្ជាក់ពីសុវត្ថិភាពនៃវ៉ាក់សាំងគ្រុនផ្តាសាយ និងបញ្ជាក់ថាមិនទាន់រកឃើញផលប៉ះពាល់ណាមួយដោយផ្ទាល់ពីវ៉ាក់សាំងដែលបណ្តាលឱ្យបាត់បង់ជីវិតនោះទេ។ គិតមកដល់បច្ចុប្បន្ន តួលេខបង្ហាញថា មានអ្នកមកទទួលវ៉ាក់សាំងគ្រុនផ្តាសាយដោយមិនគិតថ្លៃចំនួន ១១.៥ លាននាក់ហើយ ដែលបានចំនួនប្រមាណ ៦០.៩% នៃគម្រោងផែនការផ្តល់វ៉ាក់សាំងគ្រុនផ្តាសាយមិនគិតថ្លៃដល់ប្រជាជនកូរ៉េជាង ១៩ លាននាក់នោះ។

យ៉ាងណាមិញ តួលេខបន្តកើនឡើងនៃការបាត់បង់ជីវិតក្រោយចាក់វ៉ាក់សាំងរហូតដល់ ៨៣ នាក់នេះ នៅតែជាសំនួរចោទពីមតិសាធារណជន ដែលនៅតែបង្កជាការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពនៅឡើយ។

ក្នុងនោះដែរ អជ្ញាធរសុខាភិបាលរួមនឹងរដ្ឋាភិបាលនៅតែបន្តជម្រុញឱ្យប្រជាជនកូរ៉េរួសរាន់ទៅចាក់វ៉ាក់សាំងគ្រុនផ្តាសាយ ខណៈដែលរដូវរងារកាន់តែកំពុងតែខិតចូលមកដល់ហើយនោះ ដើម្បីជាវិធានការមួយផ្នែកក្នុងការពង្រឹងសុខភាពប្រជាជនការពារទៅនឹងជំងឺកូវីដ-១៩ ក្នុងបរិការណ៍នៃជំងឺរាតត្បាតសាកលនេះផងដែរ។

សូមបញ្ជាក់ថា អ្នកជំនាញណែនាំឱ្យទៅចាក់វ៉ាក់សាំងគ្រុនផ្តាសាយនេះឱ្យបានយ៉ាងហោចណាស់ ២​ សប្តាហ៍មុនពេលដែលរដូវត្រជាក់ខ្លាំងមកដល់នៅចុងខែវិច្ឆិកា និងខែធ្នូ ដើម្បីអាចឱ្យវ៉ាក់សាំងធ្វើការបានមានប្រសិទ្ធិភាពការពារជំងឺគ្រុនផ្តាសាយ។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

 

Leave a Reply

Your email address will not be published. Required fields are marked *