ករណីកូវីដ-១៩ ឆ្លងថ្មីនៅកូរ៉េខាងត្បូងហាក់មិនសូវមានការធ្លាក់ចុះនោះទេ ដោយគេរកឃើញករណីថ្មីលើសពី ១០០ ករណី ៣ ថ្ងៃជាប់ៗគ្នាហើយ

កូរ៉េខាងត្បូង៖ ករណីឆ្លងនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃ កើនឡើងលើសពី ១០០ ករណីជាថ្មីក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នាហើយ​ត្រឹមថ្ងៃសុក្រនេះ បើតាមការប្រកាសរបស់អជ្ញាធរសុខាភិបាលកូរ៉េ។

នៅព្រឹកថ្ងៃសុក្រនេះ ករណីឆ្លងថ្មីមានដល់ ១១៤ ករណី ថ្មីដែលក្នុងនោះ ៩៣ ករណីជាករណីឆ្លងក្នុងស្រុក ខណៈដែលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញមាន ១២៥ ករណី ហើយថ្ងៃពុធមាន ១០៣ ករណី ដែលនាំឱ្យចំនួនករណីឆ្លងសរុបមានដល់ ២៦៣៨៥​ ករណីទៅហើយនៅប្រទេសកូរ៉េខាងត្បូង នេះបើតាមតួលេខចេញដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ។

ករណីឆ្លងថ្មីចុងក្រោយនេះត្រូវបានគេរកឃើញថាមានប្រភពភាគច្រើនចេញពីមន្ទីរពេទ្យ មន្ទីរចាស់ជរា និងស្ថាប័នផ្សេងៗទៀតមួយចំនួន ហើយក្នុងនោះករណីឆ្លងជាចង្កោមចេញពីក្នុងគ្រួសារនៅទូទាំងប្រទេសកូរ៉េ ក៏មានការកើនឡើងមួយចំនួន ​គួរឱ្យកត់សម្គាល់ផងដែរ។

គេសង្កេតឃើញថាចាប់តាំងពីរដ្ឋាភិបាលបានចេញវិធានការបន្ថយគម្លាតសង្គមមកនៅត្រឹមកម្រិត ១ វិញ​កាលពីថ្ងៃទី ១២ តុលា ២០២០ កន្លងទៅ ចំនួនករណីឆ្លងថ្មីបានឡើង និងចុះនៅតួលេខប្រហាក់ប្រហែលនឹង ១០០ ករណី។ ចំនួនករណីឆ្លងថ្មីជាមធ្យមក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយមាន ៩៦.៤ ករណី បើតាមតួលេខផ្តល់ដោយអជ្ញាធរ។

ទិដ្ឋភាពនៃពិធីបុណ្យហាឡូវីននៅតំបន់អ៊ីតេវ៉ុន កាលពីឆ្នាំកន្លងទៅ

ក្នុងនោះដែរ អ្នកជំនាញកំពុងបង្ហាញការបារម្ភពីការកើនឡើងករណីថ្មីជាច្រើនក្នុងអំឡុងពេលនៃពិធីបុណ្យហាឡូវីន ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ និងការឈប់សម្រាកដទៃទៀតនាពេលខាងមុខនេះ។ ក្នុងនោះដែរ គេសង្កេតឃើញថាសម្រាប់បុណ្យហាឡូវីនខាងមុខ ហាងផឹកស៊ី ក្លឹបកម្សាន្តរាត្រីធំៗនៅតំបន់អ៊ីតេវ៉ុន និងហ្គាងណាម បានប្រកាសបិទទ្វារ ដោយសារបារម្ភពីហានិភ័យនៃការឆ្លងជាសហគមន៍ថ្មីនៃជំងឺកូវីដ-១៩នេះ។

សូមបញ្ជាក់ថា មកដល់បច្ចុប្បន្នអ្នកដែលបានជាពីជំងឺកូវីដ-១៩ទាំងស្រុងមាន ២៤២២៧ ករណី។

 

 

Leave a Reply

Your email address will not be published. Required fields are marked *