ឯកអគ្គរាជទូតកម្ពុជា និងទូតអាស៊ានទាំង ១០ ពិភាក្សានឹងក្រុមហ៊ុនយក្សធំៗរបស់កូរ៉េ ដើម្បីអាចទាញយកឱកាសពីបញ្ហាសាកលកូវីដ-១៩

សេអ៊ូល៖ លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ បានចូលរួមជាមួយបណ្តាអគ្គរាជ-រដ្ឋទូតអាស៊ានទាំង ១០ រួមជាមួយនឹងថៅកែ ប្រធានក្រុមហ៊ុនយក្សរបស់កូរ៉េចំនួន ៨ នៅក្នុងកម្មវិធីពិភាក្សាមួយដើម្បីមូលមតិគ្នាក្នុងការប្រែក្លាយវិបត្តិសាកលកូវីដ-១៩ ឱ្យទៅជាឱកាសវិញសម្រាប់វិស័យធុរកិច្ច ទេសចរណ៍ វិនិយោគ និងសេដ្ឋកិច្ចវិញ។

បើតាមការលើកឡើងរបស់លោកឯកអគ្គរាជទូត ក្រុមហ៊ុនយក្សធំៗចំនួន ៨ របស់កូរ៉េបានចូលរួមពិភាក្សាក្នុងឱកាសនោះរួមមានក្រុមហ៊ុន CJ, LG, Samsung, Lotte, Hanwha, Kolon, Hyungji និង Kolmar។ បណ្តាក្រុមហ៊ុនយក្សទាំងអស់នេះ រួមនឹងបណ្តាអគ្គរាជ-រដ្ឋទូតអាស៊ានទាំង ១០ បានពិភាក្សាគ្នាអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងឱកាសនៃការទាញផលប្រយោជន៍វិញសម្រាប់ពង្រឹងពង្រីកពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ដើម្បីស្ដារនិងរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានលក្ខណៈធំជាងមុននិងសំបូរបែបរវាងប្រទេសកូរ៉េ ជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន។

ក្នុងឱកាសនោះ បណ្តាតំណាងការទូតអាស៊ាន ដែលមានអគ្គរាជ-រដ្ឋទូតអាស៊ានទាំង ១០ ដែលមានទាំងកម្ពុជាផង បានព្យាយាមក្នុងការបង្អួតពីលក្ខណៈសម្បត្តិរបស់ប្រទេសរៀងៗខ្លួន ក្នុងន័យស្វាគមន៍ដល់ក្រុមហ៊ុនធំៗរបស់កូរ៉េទាំងឡាយអាចពិចារណាពីឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ខណៈពេលដែលវិបត្តិកូវីដ-១៩ហាក់មានលក្ខណៈធូរស្រាលច្រើននៅក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំតុមូល ស្ដីពីការវិនិយោគនេះ រៀបចំឡើងដោយ Korea Enterprises Federation (KEF)។ ក្នុងកិច្ចប្រជុំនោះ KEF ក៏បានចែករំលែកពីស្ថានភាពសេដ្ឋកិច្ច ទីផ្សារការងារ ខ្សែសង្វាក់ផលិត និងបញ្ហាប្រឈមមួយចំនួនរបស់កូរ៉េ ហើយយើងរិះរកនៅដំណោះស្រាយឈ្នះឈ្នះ សម្រាប់កំណើនសេដ្ឋកិច្ចកូរ៉េ និងអាស៊ាន។

 

Leave a Reply

Your email address will not be published. Required fields are marked *