កូរ៉េខាងត្បូង៖ នៅថ្ងៃពុធម្សិលមិញ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ពីការរកឃើញករណីមេរោគផ្តាសាយបក្សី H5N8 ជាករណីទីពីរក្រោយរកឃើញករណីមួយកាលពីថ្ងៃអាទិត្យកន្លងមកផងដែរ។
មន្ត្រីក្រសួងបរិស្ថានបានលើកឡើងថាមេរោគផ្តាសាយបក្សី H5N8 ថ្មីដែលជាករណីទី២នេះ ត្រូវបានគេរកឃើញក្នុងសំណាកលាមកប្រមូលពីសត្វស្លាបព្រៃកាលពីថ្ងៃសៅរ៍កន្លងទៅនៅតំបន់យ៉ុងហ្គីន (Yongin) ប្រមាណ ៥០ គីឡូម៉ែត្រពីក្រុងសេអ៊ូល។
ការរកឃើញថ្មីនេះគឺកើតឡើងត្រឹម ៣ ថ្ងៃប៉ុណ្ណោះក្រោយពីរកឃើញករណីទីមួយនៃវត្តមានមេរោគផ្តាសាយបក្សី H5N8 កាលពីថ្ងៃអាទិត្យ ដែលជាករណីលើកដំបូងបង្អស់ក្នុងរយៈពេលជាង ៣២ ខែកន្លងទៅ។
មន្ត្រីជំនាញក្រសួងបាននិយាយថា ក្រុមការងារជំនាញគ្រោងនឹងធ្វើការពិនិត្យមើល និងតាមដានទៅលើដំណើរគោលចររបស់បក្សីដែលចេញពីតំបន់រកឃើញមេរោគនេះ និងពង្រឹងវិធានការចត្តាឡីស័កបន្ថែមសម្រាប់បក្សីស្រុក និងទីតាំងចិញ្ចឹមបក្សីនៅក្នុងតំបន់ផងដែរ រួមទាំងពពួកសត្វបក្សីពូជដែលជិតផុតពូជផងដែរ។
ក្រសួងក៏គ្រោងនឹងធ្វើការហាមឃាត់ចរាចរណ៍របស់សត្វបក្សីនៅក្នុងតំបន់ និងសត្វចិញ្ចឹមដទៃទៀតក្នុងរង្វង់ចន្លោះ ១០ គីឡូមែត្រពីតំបន់ដែលគេរកឃើញមេរោគគ្រុនផ្តាសាយបក្សីដ៏គួរឱ្យបារម្ភនេះ។ ក្នុងនោះអជ្ញាធរសត្វព្រៃ ក៏គ្រោងនឹងធ្វើជម្លៀសពពួកសត្វបក្សីព្រៃក្នុងរង្វង់ចន្លោះ ៥០០ មែត្រពីទីតាំងដែលរកឃើញវត្តមានមេរោគនេះផងដែរ។
សូមបញ្ជាក់ថា មេរោគផ្តាសាយបក្សី H5N8 ជាប្រភេទមេរោគដែលមានការឆ្លងរាលដាលខ្លាំង និងអាចបង្កឱ្យមានការឆ្លងងាប់រង្គាលនៅតាមកសិដ្ឋានចិញ្ចឹមបក្សីផងដែរ។