ខណៈបារម្ភពីការឆ្លងកូវីដជាសហគមន៍ថ្មី ក្លឹបកម្សាន្តធំៗនៅតំបន់អ៊ីតេវ៉ុន និងហ្គាងណាម​ នឹងបិទទ្វារអំឡុងពេលពិធីបុណ្យហាឡូវីនឆ្នាំនេះ

សេអ៊ូល៖ ក្លឹបកម្សាន្តធំៗនៅតំបន់អ៊ីតេវ៉ុន (Itaewon) និងហ្គាងណាម (Gangnam) បានប្រកាសបិទទ្វារសម្រាប់ចុងសប្តាហ៍នេះ ដែលជាអំឡុងពិធីបុណ្យហាឡូវីន ដើម្បីព្យាយាមបង្ការការឆ្លងជំងឺកូវីដទ្រង់ទ្រាយធំ។

បើតាមការប្រកាសរបស់ក្លឹបកម្សាន្តនៅថ្ងៃពុធនេះ ក្លឹបធំៗជាច្រើននៅតំបន់មមាញឹកទាំងនេះនឹងបិទទា្វរមិនប្រតិបត្តិការនៅរយៈពេលចុងសប្តាហ៍រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។​ ការប្រកាសបិទអាជីវកម្មចំថ្ងៃដ៏រវល់នេះគឺយោងទៅតាមការប្រឹក្សាយោបល់ជាមួយអជ្ញាធរសុខាភិបាល និងរដ្ឋបាលក្រុងសេអ៊ូល ដើម្បីការពារពីការឆ្លងជំងឺកូវីដក្នុងអំឡុងពេលបុណ្យហាឡូវីននេះ បើតាមសេចក្តីប្រកាសរបស់ក្លឹបកម្សាន្តមួយ។

មនុស្សកកកុញនៅតំបន់អ៊ីតេវ៉ុន ក្នុងអំឡុងពេលបុណ្យហាឡូវីនកាលពីឆ្នាំកន្លងទៅ

ខណៈដែលពិធីបុណ្យហាឡូវីនដែលគេរំពឹងថានឹងមានការជួបជុំគ្នា ជប់លៀងគគ្រឹកគគ្រេងនៅតាមក្លឹបកម្សាន្តធំៗជាពិសេសនៅតំបន់អ៊ីតេវ៉ុន (Itaewon) និងហ្គាងណាម (Gangnam) អជ្ញាធរសុខាភិបាលបានលើកឡើងអំពីការព្រួយបារម្ភលើការឆ្លងជាសហគមន៍ថ្មី ដោយយោងទៅតាមការឆ្លងដូចគ្នាដែរកាលពីខែឧសភាកន្លងទៅដែលមានប្រភពចេញពីក្លឹបកម្សាន្តធំៗនៅតំបន់អ៊ីតេវ៉ុន។

សូមបញ្ជាក់ថា ការប្រកាសនេះគឺធ្វើឡើងស្របពេលដែលទីក្រុងសេអ៊ូល និងទីប្រជុំជនជុំវិញក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ មានករណីឆ្លងថ្មីច្រើនជាង ៥០ នាក់ជារៀងរាល់ថ្ងៃ ចាប់តាំងពីរដ្ឋាភិបាលកូរ៉េបានបន្ថយវិធានការគម្លាតសង្គមមកនៅត្រឹមកម្រិត ១​ វិញ។

Leave a Reply

Your email address will not be published. Required fields are marked *