ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៧ ខែតុលា ២០២០នេះ ធនាគារ PPCBank ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន បានបង្ហោះពីការប្រគល់អាហារូបករណ៍ជូននិស្សិតកម្ពុជាកម្រិតថ្នាក់បរិញ្ញាបត្រដើម្បីអាចសិក្សានៅសាកលវិទ្យាល័យបានរហូតដល់ចប់ចុងចប់ដើម។
ក្នុងឱកាសនៃពិធីជូនដំណើរនោះ ធនាគារ PPCBank បានបង្ហាញពីក្តីសោមនស្សរីករាយរបស់ខ្លួនក្នុងការចូលរួមចំណែកនៅក្នុងការជួយដល់ប្រទេសកម្ពុជាតាមរយៈសកម្មភាពទំនួលខុសត្រូវសង្គម (CSR) របស់ធនាគារផ្ទាល់។ បើតាមការបញ្ជាក់របស់ធនាគារផ្ទាល់ កម្មវិធីអាហារូបករណ៍នេះ ជាការរួមគ្នារវាង ធនាគារ PPCBank និងធនាគារ Jeonbuk របស់កូរ៉េខាងត្បូង ដែលជាម្ចាស់ភាគហ៊ុនធំរបស់PPCBank ដោយបានផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិតចំនួន ១២ នាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យរហូតដល់ចប់។
ធនាគារ PPCBank បញ្ជាក់ថានេះជាការបើកនូវទំព័រថ្មីមួយទៀតនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួន ហើយធនាគារ PPCBank សង្ឃឹមថាពួកគេនឹងសម្រេចបាននូវគោលដៅរបស់ពួកគេទាំងអស់ ហើយនឹងនាំមកនូវឥទ្ធិពលជាវិជ្ជមានដ៏ធំធេងសម្រាប់សង្គមរបស់យើងនាពេលអនាគត។