ក្វាងជូ៖ ចុងសប្តាហ៍កន្លងទៅ ជាចុងសប្តាហ៍ដ៏សកម្មបើតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្ទាល់របស់លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ ក្នុងបេសកកម្មការទូតផង និងបេសកកម្មសហគមន៍ផងនៅតំបន់ខ្វាងជូ ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ។
បេសកកម្មចម្បងទីមួយដែលលោកទូតបានចូលរួម គឺការចូលរួមជាមួយបណ្ដាអង្គទូត និងស្ថាប័នពាក់ព័ន្ធវិស័យវប្បធម៌សំខាន់ដូចជា មជ្ឈមណ្ឌលវប្បធម៌អាស៊ាន វិទ្យាស្ថានវប្បធម៌អាស៊ី និងសាលាក្រុងខ្វាងជូ ដើម្បីពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងការតភ្ជាប់ការពង្រឹងទំនាក់ទំនងឱ្យបានកាន់តែល្អប្រសើរឡើងក្នុងចំណោមបណ្តាប្រទេសអាស៊ី។
ក្នុងនោះដែរ ក្រៅពីបេសកកម្មការទូតដ៏សកម្មតំណាងជាតិកម្ពុជា ក្រោយពេលបានធ្វើដំណើរយ៉ាងឆ្ងាយមកដល់តំបន់ខេត្តក្វាងជូ ប្រាកដណាស់លោកឯកអគ្គរាជទូតបានឆ្លៀតឱកាសរៀបចំកម្មវិធីទទួលទានអាហារសាមគ្គីជាមួយបណ្តាគ្រូៗដែលមានស្នាដៃល្អធ្វើការនៅតាមមជ្ឈមណ្ឌលគាំពារពលករនានា ហើយក៏បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនពលរដ្ឋខ្មែរយើងនៅសមាគមន៍កម្ពុជាឆុនណាំក្វាងជូ ក្នុងនាមជាអាណាព្យាបាលសហគមន៍ប្រជាជនខ្មែរនៅកូរ៉េ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលផងដែរ។