សេអ៊ូល៖ សាលាក្រុងសេអ៊ូលនឹងចាប់ផ្តើមដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ Wi-Fi សាធារណៈថ្មីនៅតាមទីតាំងចំនួន ៥ ក្នុងទីក្រុងសេអ៊ូលចាប់ពីខែក្រោយនេះទៅហើយ។
ប្រព័ន្ធ Wi-Fi សាធារណៈនេះនឹងត្រូវដាក់ឈ្មោះថា «Kkachi On» ហើយនឹងត្រូវបានដាក់ឱ្យដំណើរការនៅភាគខាងកើតសង្កាត់សុងដុង (Seongdong) និងភាគខាងត្បូងឆៀងខាងលិចសង្កាត់គូរ៉ូ (Guro) នៅថ្ងៃអាទិត្យនេះ មុននឹងពង្រីកបន្ថែមទៅសង្កាត់អ៊ុងព្យ៉ុង (Eunpyeong) សង្កាត់ហ្គាងស៊ែ (Gangseo) និងសង្កាត់ដូបុង (Dobong) នៅក្នុងពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ បើតាមការលើកឡើងរបស់សាលាក្រុងសេអ៊ូល។
Kkachi គឺជាពាក្យកូរ៉េសម្រាប់បក្សីមួយប្រភេទនៅកូរ៉េ ដែលជានិមិត្តរូបនៃទីក្រុង និងជាបក្សីដែលត្រូវបានគេស្គាល់ថានាំមកនូវសំណាងល្អហើយ “On” សំដៅទៅលើសេវាកម្ម Wi-Fi ដែលត្រូវបានដាក់ឱ្យដំណើរការ។
អ្នកប្រើប្រាស់អាចចូលប្រើប្រាស់សេវាកម្មនេះនៅតាមទីសាធារណៈភាគច្រើន រួមមានទាំងសួនច្បារ ផ្សារត្រីតាមផ្លូវ និងផ្លូវថ្នល់នានា ដោយគ្រាន់តែភ្ជាប់ទៅបណ្តាញឈ្មោះថា “ SEOUL” នៅលើស្មាតហ្វូនរបស់ខ្លួន។ សម្រាប់ការភ្ជាប់ដែលមានសុវត្ថិភាពអ្នកប្រើប្រាស់អាចជ្រើសរើសបណ្តាញ “ SEOUL_Secure” និងវាយបញ្ចូល “seoul” សំរាប់ទាំង ID និងលេខសំងាត់។

ក្នុងនោះដែរ សេវាកម្ម Wi-Fi នៅលើឡានក្រុង ក៏នឹងត្រូវបានផ្តល់ជូននៅលើបណ្តាញដាច់ដោយឡែកសម្រាប់ផ្លូវរត់នីមួយៗ ដើម្បីចៀសវាងការដាច់ប្រព័ន្ធ Wi-Fi នៅពេលរថយន្តក្រុងរត់ផុតពីតំបន់នីមួយៗ។

ប្រព័ន្ធ Wi-Fi សាធារណៈគឺជាផ្នែកនៃគម្រោងធ្វើឱ្យទីក្រុងសេអ៊ូលក្លាយទៅជាទីក្រុងដែលមានការតភ្ជាប់ និងវ័យឆ្លាត។ គម្រោងនេះគ្រោងនឹងតភ្ជាប់ទីតាំងដែលផ្តល់ប្រព័ន្ធWi-Fi សាធារណៈ «Kkachi On» រហូតដល់ ១១០៣០ ទីតាំងត្រឹមឆ្នាំ ២០២២។