កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃចន្ទនេះ ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូងបានថ្លែងពីការផ្តល់ជំនួយទឹកប្រាក់ទំហំ២០០លានដុល្លារអាម៉េរិក លើវិស័យសុខាភិបាលសម្រាប់ប្រទេសអាស៊ីចំនួនបី ដែលក្នុងនោះមានកម្ពុជាផងដែរ។
ជំនួយលើវិស័យសុខាភិបាលនេះជាផ្នែកនៃគម្រោងជំនួយរបស់រដ្ឋាភិបាលកូរ៉េដែលមានទំហំទឹកប្រាក់ ៤០០ លានដុល្លារអាម៉េរិក សម្រាបផ្តល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីជួយក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។ ប្រទេសបីដែលទទួលនូវជំនួយវិស័យសុខាភិបាលនេះមានប្រទេសកម្ពុជា ហ្វីលីពីន និងបង់ក្លាដេស។
បើតាមក្រសួងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ជំនួយនេះនឹងជួយដល់ប្រទេសទាំងបីនេះអាចរៀបចំនូវប្រព័ន្ធតាមដាន និងធ្វើតេស្តជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លង និងបង្កើនទីតាំងសម្រាប់ព្យាបាលបន្ថែមផងដែរ។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ នៅលើសាកលលោកមានប្រជាជនជាង ៤២ លាននាក់បានឆ្លងជំងឺកូវីដ-១៩ ហើយមានមនុស្សជាង ១.១លាននាក់បានបាត់បង់ជីវិត នេះបើតាមទិន្នន័យដកស្រង់ចេញពីសាកលវិទ្យាល័យ Johns Hopkins University។