រដ្ឋមន្ត្រីសុខាភិបាលកូរ៉េ៖ ការចាក់វ៉ាក់សាំងគ្រុនផ្តាសាយនៅតែបន្តអនុវត្ត ខណៈគ្មានការពាក់ព័ន្ធគ្នារវាងវ៉ាក់សាំងទៅនឹងអ្នកស្លាប់ទាំង ៤៨ នាក់នោះទេ

សេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូងចេញមុខអះអាងថាកម្មវិធីផ្តល់វ៉ាក់សាំងគ្រុនផ្តាសាយមិនគិតថ្លៃ នឹងនៅតែបន្តអនុវត្តបើទោះបីជាមានការសង្ស័យលើការពាក់ព័ន្ធនឹងការបាត់បង់ជីវិតមនុស្សជាច្រើនអ្នកហើយក៏ដោយ។

រដ្ឋមន្ត្រីសុខាភិបាលលោក ផាក ណុងហូ (Park Neunghoo) បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃអាទិត្យម្សិលមិញ ថាជំហររបស់រដ្ឋាភិបាលនៅតែមិនផ្លាស់ប្តូរលើការបន្តផ្តល់កម្មវិធីចាក់វ៉ាក់សាំងគ្រុនផ្តាសាយ ហើយលើកឡើងផងដែរថាមិនមានភស្តុតាងណាមួយបញ្ជាក់ពីការជាប់ពាក់ព័ន្ធរវាងវ៉ាក់សាំង និងការស្លាប់នោះទេ។

គិតត្រឹមរសៀលថ្ងៃសៅរ៍ ម៉ោង ១ នៅប្រទេសកូរ៉េ គេរកឃើញមានមនុស្សចំនួន ៤៨ នាក់បានស្លាប់បាត់បង់ជីវិតក្រោយពីបានចាក់វ៉ាក់សាំងគ្រុនផ្តាសាយ ហើយភាគច្រើននៃជនរងគ្រោះជាមនុស្សចំណាស់ក្នុងអាយុ ៧០ ទៅ ៨០ឆ្នាំ។

រដ្ឋមន្ត្រីសុខាភិបាលលោក ផាក ណុងហូ (Park Neunghoo)

លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រុមអ្នកជំនាញផ្នែកវ៉ាក់សាំងបានពិនិត្យលើសាកសពមនុស្សចំនួន ២៦ នាក់ហើយដែលរកឃើញថាមានការពាក់ព័ន្ធតិចមែនទែនរវាងការស្លាប់ និងការចាក់វា៉ក់សាំងផ្តាសាយនេះ ដូចនេះហើយជំហររបស់ក្រសួង និងរដ្ឋាភិបាលគឺនឹងនៅតែបន្តអនុវត្តកម្មវិធីចាក់វ៉ាក់សាំងគ្រុនផ្តាសាយនេះជូនប្រជាជន។ លោកបានលើកអំណះអំណាងគាំទ្រថា វាជាការសម្រេចចិត្តមិនមានលក្ខណៈវិទ្យាសាស្រ្ត ប្រសិនបើយើងសម្រេចផ្អាកការចាក់វ៉ាក់សាំង​ ដោយសារយើងរកមិនឃើញនូវការជាប់ពាក់ព័ន្ធគ្នាទាល់តែសោះ។

លោករដ្ឋមន្ត្រីក៏បានពន្យល់ពីផលប្រយោជន៍នៃការចាក់វ៉ាក់សាំងគ្រុនផ្តាសាយ និងបានបញ្ជាក់ពីប្រសិទ្ធភាពនៃវ៉ាក់សាំងនេះក្នុងការជួយសង្គ្រោះជីវិតរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ដោយសារតែតាមតួលេខ ជំងឺគ្រុនផ្តាសាយតាមរដូវនេះឆក់យកជីវិតមនុស្សដល់ទៅជាង ៣០០០ នាក់នៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះដែរ រដ្ឋមន្ត្រីសុខាភិបាលក៏បានលើកឡើងពីការបារម្ភនៃផលប៉ះពាល់អាកាសធាតុចុះត្រជាក់ ដែលអាចនឹងនាំមកនូវទាំងជំងឺគ្រុនផ្តាសាយ​ និងជំងឺកូវីដ-១៩ ដែលតម្រូវឱ្យរដ្ឋាភិបាលបន្តជម្រុញកម្មវិធីចាក់វ៉ាក់សាំងនេះ។

បើតាមទិន្នន័យពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឹឆ្លងកូរ៉េ (KDCA) រវាងខែកក្កដា ២០១៩ ដល់ មេសា ២០២០ មានមនុស្សប្រមាណជាង ៦.៦៨ លាននាក់ ដែលមានអាយុពី ៦៥ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំងគ្រុនផ្តាសាយ ដែលក្នុងនោះចំនួន ១៥៣១ នាក់ ប្រមាណ 0.02% បានបាត់បង់ជីវិតក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ តែដោយសារតែស្ថានភាពសុខភាពផ្ទាល់ខ្លួន ដែលមានស្រាប់ប៉ុណ្ណោះ ដោយមិនមានការជាប់ពាក់ព័ន្ធទៅនឹងវ៉ាក់សាំងគ្រុនផ្តាសាយនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *