កូរ៉េខាងត្បូង៖ លោក លី គុនហ៊ី អតីតប្រធានកំពូលក្រុមហ៊ុន Samsung Group ដែលទើបនឹងទទួលមរណភាពនៅព្រឹកនេះ គឺជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅប្រទេសកូរ៉េខាងត្បូង បើតាមទិន្នន័យដែលបានបង្ហាញនៅថ្ងៃអាទិត្យនេះ។
ភាគហ៊ុនសរុបដែលកាន់កាប់ដោយលោក លី គុនហ៊ី មានទំហំរហូតដល់ទៅ ១៨.២ ទ្រីលានវ៉ុន (ប្រមាណ ១៦.១ ប៊ីលានដុល្លារ) ជាតម្លៃគិតត្រឹមថ្ងៃសុក្រ បើតាមទិន្នន័យផ្តល់ដោយស្ថាប័នទីផ្សារជួញដូរភាគហ៊ុនកូរ៉េ។
បើគិតពីភាគហ៊ុនក្រុមហ៊ុនរបស់ Samsung Group វិញ លោក លី គុនហ៊ី កាន់កាប់ភាគហ៊ុននៃក្រុមហ៊ុន Samsung Electronics Co., ដល់ទៅ 4.18% ដែលមានតម្លៃរហូតដល់ ១៥ ទ្រីលានវ៉ុន ភាគហ៊ុន 20.76% នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Samsung Life Insurance Co. ដែលមានតម្លៃរហូតដល់ ២.៦ ទ្រីលានវ៉ុន ភាគហ៊ុន 2.88% នៃក្រុមហ៊ុនសាងសង់ Samsung C&T Corps. ដែលមានតម្លៃរហូតដល់ ៥៤៦.៣ ប៊ីលានវ៉ុន និងភាគហ៊ុនបន្ទាប់បន្សំដទៃទៀតជាច្រើន។
ទំហំទ្រព្យសម្បត្តិដ៏មហាសាលនេះ គឺលើសទ្រព្យសម្បត្តិកូនប្រុសរបស់គាត់ដែលបច្ចុប្បន្នជាអនុប្រធានក្រុមហ៊ុន Samsung Electronics Co., និងជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទីពីរ នៅប្រទេសកូរ៉េខាងត្បូង ដែលមានទ្រព្យសម្បត្តិប្រហែល ៧.២ ទ្រីលានវ៉ុនប៉ុណ្ណោះ។
ប្រៀបធៀបទ្រព្យសម្បត្តិរបស់លោក លី គុនហ៊ី ទៅនឹងម្ចាស់ក្រុមហ៊នធំៗដទៃទៀតនៅកូរ៉េ ក៏លោក លី គុនហ៊ី នៅតែជាសេដ្ឋីលេខមួយប្រចាំប្រទេសកូរ៉េដដែល ដូចជាម្ចាស់ក្រុមហ៊ុនវេជ្ជសាស្រ្ត Celltrion មានទ្រព្យសម្បត្តិប្រមាណ ៤.៤៩ ទ្រីលានវ៉ុន ម្ចាស់ក្រុមហ៊ុនរថយន្ត Hyundai Motor មានទ្រព្យសម្បត្តិប្រហែល ៤.៤៧ ទ្រីលានវ៉ុន និងម្ចាស់ក្រុមហ៊ុន SK Group ដែលមានទ្រព្យសម្បត្តិត្រឹម ២.៦ ទ្រីលានវ៉ុនប៉ុណ្ណោះ។
លោក លី គុនហ៊ី ក៏ត្រូវបានចាត់ថ្នាក់ជាអ្នកមានជាងគេលំដាប់លេខរៀងទី ៦៧ នៅក្នុងតារាងអ្នកមានជាងគេបំផុតលើលោកផងដែរ។