ប្រធានក្រុមហ៊ុន Samsung ទទួលមរណភាពអាយុ ៧៨ ឆ្នាំ ក្រោយព្យាបាលលើគ្រែរយៈពេលជាង ៦ ឆ្នាំ ខណៈអ្នកស្នងតំណែងនៅមិនទាន់បានកំណត់

កូរ៉េខាងត្បូង៖ ប្រធានក្រុមហ៊ុន Samsung Group ដែលមានវ័យ៧៨ឆ្នាំ បានទទួលមរណភាពនៅព្រឹកថ្ងៃអាទិត្យនេះ ក្រោយពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យរាប់ឆ្នាំ បន្ទាប់ពីគាំងបេះដូងតាំងតែពីឆ្នាំ២០១៤មក។

លោក លី គុនហ៊ី ដែលជាប្រធានក្រុមហ៊ុន Samsung Group បានទទួលមរណភាពនៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងសេអ៊ូល នាថ្ងៃអាទិត្យនេះ។ លោក លី គុនហ៊ី បានក្លាយជាម្ចាស់អាណាចក្រក្រុមហ៊ុន Samsung នេះតាំងពីឆ្នាំ ១៩៨៧ នៅអាយុ ៤៥ឆ្នាំ ដោយស្នងបន្តពីឪពុករបស់គាត់ផ្ទាល់ គឺលោក លី ម្យ៉ុងឈុល (Lee Byung-chull) ដែលជាស្ថាបនិកបង្កើតក្រុមហ៊ុនសម្ព័ន្ធ Samsung នេះពីដំបូងបំផុត។

លោក លី គុនហ៊ី ប្រធានក្រុមហ៊ុន Samsung Group ដែលបានទទួលមរណភាព

នៅក្រោមការដឹកនាំរបស់លោក លី គុនហ៊ី ក្រុមហ៊ុន Samsung Group បានវាយលុកទៅលើទីផ្សារបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មធុនធ្ងន់ផងដែរ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា ក្រុមហ៊ុនអេឡិចត្រូនិក Samsung Electronic Co., និងក្រុមហ៊ុនឧស្សាហកម្មយក្ស Samsung Heavy Industry Co.។

សូមបញ្ជាក់ថា ក្រុមហ៊ុន Samsung Group ជាក្រុមហ៊ុនយក្សដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនធំៗដទៃទៀត ដែលបានជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ។ ក្នុងពេលដែលលោក លី គុនហ៊ី កាន់កាប់ក្រុមហ៊ុន Samsung Group ដំបូង ក្រុមហ៊ុននេះមានទ្រព្យសម្បត្តិសរុបប្រមាណ ៨ ទ្រីលានវ៉ុន ក្នុងឆ្នាំ ១៩៨៧ ហើយរហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន Samsung Group នេះមានទ្រព្យសម្បត្តិរហូតដល់ ៤០០ ទ្រីលានវ៉ុន ដែលបានកើ​នឡើងជាង ៥០ ដងឯ​ណោះ។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងថាតើវាសនានៃអាណាចក្រក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំសម្បើមនេះ នឹងធ្លាក់ទៅលើនរណាជាអ្នកតំណែងជាម្ចាស់នៅឡើយនោះទេ ដែលអាចជាកូនៗផ្ទាល់របស់លោក លី គុនហ៊ី ផ្ទាល់។ លោក លី គុនហ៊ី  មានកូនប្រុសម្នាក់ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមហ៊ុន Samsung Electronics តែរូបលោកក៏បានកំពុងជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនយោបាយ និងពុករលួយមួយចំនួនផងដែរ និងកូនស្រី ២​រូប ដែលម្នាក់គ្រប់គ្រងទៅលើផ្នែកបដិសណ្ឋារកិច្ចនៃក្រុមហ៊ុន Samsung Group គឺសណ្ឋាគារ Hotel Shilla Co., និងម្នាក់ទៀតគ្រប់គ្រងទៅលើមូលនិធិរបស់ Samsung (Samsung Welfare Foundation)។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

 កូនប្រុសច្បងលោក Lee Jae-yong ដែលជាអនុប្រធានក្រុមហ៊ុន Samsung Electronics

Leave a Reply

Your email address will not be published. Required fields are marked *