កូរ៉េខាងត្បូង៖ ប្រធានក្រុមហ៊ុន Samsung Group ដែលមានវ័យ៧៨ឆ្នាំ បានទទួលមរណភាពនៅព្រឹកថ្ងៃអាទិត្យនេះ ក្រោយពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យរាប់ឆ្នាំ បន្ទាប់ពីគាំងបេះដូងតាំងតែពីឆ្នាំ២០១៤មក។
លោក លី គុនហ៊ី ដែលជាប្រធានក្រុមហ៊ុន Samsung Group បានទទួលមរណភាពនៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងសេអ៊ូល នាថ្ងៃអាទិត្យនេះ។ លោក លី គុនហ៊ី បានក្លាយជាម្ចាស់អាណាចក្រក្រុមហ៊ុន Samsung នេះតាំងពីឆ្នាំ ១៩៨៧ នៅអាយុ ៤៥ឆ្នាំ ដោយស្នងបន្តពីឪពុករបស់គាត់ផ្ទាល់ គឺលោក លី ម្យ៉ុងឈុល (Lee Byung-chull) ដែលជាស្ថាបនិកបង្កើតក្រុមហ៊ុនសម្ព័ន្ធ Samsung នេះពីដំបូងបំផុត។

នៅក្រោមការដឹកនាំរបស់លោក លី គុនហ៊ី ក្រុមហ៊ុន Samsung Group បានវាយលុកទៅលើទីផ្សារបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មធុនធ្ងន់ផងដែរ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា ក្រុមហ៊ុនអេឡិចត្រូនិក Samsung Electronic Co., និងក្រុមហ៊ុនឧស្សាហកម្មយក្ស Samsung Heavy Industry Co.។
សូមបញ្ជាក់ថា ក្រុមហ៊ុន Samsung Group ជាក្រុមហ៊ុនយក្សដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនធំៗដទៃទៀត ដែលបានជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ។ ក្នុងពេលដែលលោក លី គុនហ៊ី កាន់កាប់ក្រុមហ៊ុន Samsung Group ដំបូង ក្រុមហ៊ុននេះមានទ្រព្យសម្បត្តិសរុបប្រមាណ ៨ ទ្រីលានវ៉ុន ក្នុងឆ្នាំ ១៩៨៧ ហើយរហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន Samsung Group នេះមានទ្រព្យសម្បត្តិរហូតដល់ ៤០០ ទ្រីលានវ៉ុន ដែលបានកើនឡើងជាង ៥០ ដងឯណោះ។
យ៉ាងណាមិញ គេនៅមិនទាន់ដឹងថាតើវាសនានៃអាណាចក្រក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំសម្បើមនេះ នឹងធ្លាក់ទៅលើនរណាជាអ្នកតំណែងជាម្ចាស់នៅឡើយនោះទេ ដែលអាចជាកូនៗផ្ទាល់របស់លោក លី គុនហ៊ី ផ្ទាល់។ លោក លី គុនហ៊ី មានកូនប្រុសម្នាក់ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមហ៊ុន Samsung Electronics តែរូបលោកក៏បានកំពុងជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនយោបាយ និងពុករលួយមួយចំនួនផងដែរ និងកូនស្រី ២រូប ដែលម្នាក់គ្រប់គ្រងទៅលើផ្នែកបដិសណ្ឋារកិច្ចនៃក្រុមហ៊ុន Samsung Group គឺសណ្ឋាគារ Hotel Shilla Co., និងម្នាក់ទៀតគ្រប់គ្រងទៅលើមូលនិធិរបស់ Samsung (Samsung Welfare Foundation)។
ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News
