តោះមកស្គាល់ អ្វីទៅជាការលេងតុងទីន? ហើយបើករណីមានបញ្ហា តើកម្ពុជាយើងមានច្បាប់អ្វីខ្លះការពារអ្នកលេងតុងទីន?

អ្វីទៅជាតុងទីន?

CamboFinance៖ តុងទីន (Tontine) ជាទម្រង់កិច្ចសន្យាប្រមូលលុយមួយដុំដោយមានមនុស្សម្នាក់ដើរតួជាមេជាអ្នកចាត់ចែងរ៉ាប់រងប្រមូលលុយ និង មនុស្សជាច្រើនទៀតដើរតួជាកូនជាអ្នកដេញ។

ជាទូទៅក្នុងមួយខែម្តង ឬរយៈពេលណាផ្សេងទៅតាមការកំណត់ មនុស្សដែលដើរតួជាកូនត្រូវបង់ប្រាក់ក្នុងកម្រិតថេរមួយជាប្រចាំអោយទៅមេ ហើយកូនតុងទីនម្នាក់ៗក៏មានសិទ្ធិដេញតុងទីនផងដែរ ការដេញក្នុងន័យនេះសំដៅទៅលើអត្រាការប្រាក់ដែលហ៊ានផ្តល់អោយទៅគេបើអ្នកណាម្នាក់ជាកូនហ៊ានអោយអត្រាខ្ពស់នឹងដេញតុងទីនបាន (មានន័យថាបានលុយមួយដុំធំភ្លាមៗ) ដែលប្រមូលបានពីគេគ្រប់គ្នា ។

កូនតុងទីនដែលដេញបានលុយមួយដុំធំហើយត្រូវបង់ការប្រាក់អោយទៅអ្នកដទៃដែលដេញអត់ឈ្នះ ។

ក្រៅពីមនុស្សដែលលេងជាកូនតុងទីន ក៏មានមនុស្សដែលលេងជាមេតុងទីនមានសិទ្ធិដេញតុងទីនដូចគ្នា។

ចុះប្រសិនបើមេតុងទីនពេលដេញបានរឺប្រសិនបើដេញមិនបាន ក៏ត្រូវប្រមូលលុយយកអោយអ្នកឈ្នះ មិនថាករណីណាគាត់នៅតែដើរតួជាអ្នកប្រមូលលុយ ហើយបើលោកគាត់នឹងរត់បាត់ តើមានច្បាប់ការពារអ្នកលេងតុងទីនដទៃទៀតដែររឺទេ ?

ត្បិតតែបច្ចុប្បន្នតុងទីនមិនទាន់មានច្បាប់មួយដាច់ដោយឡែកសម្រាប់គ្រប់គ្រងវិស័យតុងទីន ប៉ុន្តែគេអាចប្រើប្រាស់គោលការណ៍ទូទៅនៃច្បាប់កិច្ចសន្យា ព្រោះតុងទីនបើវិភាគមើលទៅជាទម្រង់កិច្ចសន្យារវាងអ្នកសន្យាប្រមូលលុយពីគេ (មេ) យកទៅអោយអ្នកដេញតុងទីនដែលឈ្នះ (កូន) ហើយ មេដែលមិនបំពេញតាមកិច្ចសន្យា ព្យាយាមរត់ រឺ បោកប្រាស់ កុហក ដើម្បីយករួចខ្លួននឹងត្រូវមានទោសតាម ច្បាប់ព្រហ្មទណ្ឌ «បទល្មើសឈរបោក» មាត្រា៣៧៧ និង ៣៧៨ និង «បទល្មើសរំលោភសេចក្តីទុកចិត្ត» មាត្រា ៣៩១ និង មាត្រា៣៩២ ។

សរុបមកវិញដោយសារមិនមានច្បាប់ចែងថាលេងតុងទីនខុសរឺស្របច្បាប់ យើងមិនអាចឆ្លើយអោយប្រាកដបាន តែបើបោកគេពេលលេងតុងទីនគឺខុសច្បាប់ ដូច្នេះសូមទាំងមេ និង កូនតុងទីន លេងដោយការទទួលខុសត្រូវ។

ខ្លឹមសារទាំងស្រុងពី៖ CamboFinance 

 

Leave a Reply

Your email address will not be published. Required fields are marked *