កាន់តែបារម្ភហើយ! ការស្លាប់ក្រោយទទួលវ៉ាក់សាំងគ្រុនផ្តាសាយនៅកូរ៉េកើនដល់ ៣៦ នាក់ហើយ ខណៈអ្នកជំនាញបន្តបដិសេធថាគ្មានការពាក់ព័ន្ធគ្នាទេ

សេអ៊ូល៖ កាលពីថ្ងៃសុក្រនេះ មជ្ឍមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង នឹងនៅតែបន្តកម្មវិធីចាក់វ៉ាក់សាំងការពារគ្រុនផ្តាសាយបើទោះជាមានការភ័យខ្លាចលើករណីបាត់បង់ជីវិតអស់ជាច្រើននាក់ ក្រោយពីបានទទួលវ៉ាក់សាំងផ្តាសាយនេះក៏ដោយ។

បើតាមរបាយការណ៍ពីអជ្ញាធរ គិតត្រឹមរសៀលថ្ងៃសុក្រម្សិលមិញ មានករណីមនុស្សស្លាប់សរុប ៣៦ នាក់ហើយ ដែលជាប់ពាក់ព័ន្ធនឹងការទទួលវ៉ាក់សាំងផ្តាសាយនេះគួរឱ្យបារម្ភបំផុត។ ក្នុងចំណោមករណីបាត់បង់ជីវិតដ៏ច្រើននេះ អជ្ញាធរកំពុងធ្វើការពិនិត្យលើករណីស្លាប់ ហើយបានរកឃើញថាករណីស្លាប់ចំនួនមួយចំនួន​ធំ មិនមានការជាប់ពាក់ព័ន្ធផ្ទាល់ណាមួយទៅនឹងការទទួលវ៉ាក់សាំងនោះទេ ខណៈការសើបអង្កេតនៅតែបន្តធ្វើឡើងបន្ថែមទៀត។

បើតាមរបាយការណ៍លម្អិតចំនួននៃការពិនិត្យសាកសពចំនួន ២០ គេបានរកឃើញថាមាន ១៣ ករណីបាត់បង់ជីវិតដោយសារការស្ទះសរសៃឈាម កកសរសៃឈាមខួរក្បាល និងបញ្ហាដទៃទៀតដែលមិនបង្កឡើងដោយការចាក់វ៉ាក់សាំងនោះទេ ខណៈដែល ៧ ករណីទៀតកំពុងទទួលការពិនិត្យមើលបន្ថែមទៀតសិន។

កម្មវិធីចាក់វ៉ាក់សាំងផ្តាសាយ មានទាំងការផ្តល់ជូនមិនគិតថ្លៃ និងគិតថ្លៃ

អ្នកជំនាញនៅតែបន្តលើកឡើងថាគ្មានហេតុផលណាមួយ ដែលគេរកឃើញពីការជាប់ពាក់ព័ន្ធគ្នារវាងវ៉ាក់សាំង និងការស្លាប់នោះទេ។

ឆ្លើយតបទៅនឹងការបារម្ភរបស់ប្រជាជនកូរ៉េ លោកនាយករដ្ឋមន្ត្រីកូរ៉េ Chung Sye-kyun បានថ្លែងសាររំលែកទុក្ខ និងបានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់ជាទីបំផុតដើម្បស្វែងរកមូលហេតុនៃការស្លាប់នេះ និងដើម្បីបញ្ចៀសការភ័យខ្លាចរបស់សាធារណជនទៅលើការទទួលវ៉ាក់សាំងផ្តាសាយ ខណៈដែលរដូវត្រជាក់នៅប្រទេសកូរ៉េកាន់តែខិតចូលជិតមកដល់ហើយនោះ។

ក្នុងនោះដែរ ក៏មានមតិលើកឡើងផ្សេងៗគ្នារវាងក្រុមអ្នកជំនាញក្នុងវិស័យវេជ្ជសាស្រ្តទាក់ទងនឹងបញ្ហានេះ។ ក្រុមសមាគមគ្រូពេទ្យដ៏ធំរបស់កូរ៉េខាងត្បូងមួយបានស្នើឱ្យមានការផ្អាកផ្តល់នូវវ៉ាក់សាំងនេះសិន រហូតដល់គេអាចបញ្ជាក់បានច្បាស់ថាវាមានសុវត្ថិភាពត្រឹមត្រូវ ខណៈដែលក្រុមអ្នកផលិតវ៉ាក់សាំងនៅតែបញ្ជាក់ថាការចាក់វ៉ាក់សាំងនេះមិនមែនជាមូលហេតុនៃការបាត់បង់ជីវិតដូចការបារម្ភនោះទេ។

ជាមួយគ្នានោះ គេក៏សង្កេតឃើញមានរដ្ឋបាលថ្នាក់ខេត្ត និងស្រុកមួយចំនួនរបស់កូរ៉េបានស្ម័គ្រចិត្តណែនាំឱ្យប្រជាជនផ្អាកធ្វើការចាក់វ៉ាក់សាំងសិនផងដែរ រហូតដល់មានការបញ្ជាក់ច្បាស់លាស់ពីអជ្ញាធរសុខាភិបាល។

សូមបញ្ជាក់ថា វ៉ាក់សាំងផ្តាសាយដែលកំពុងចាក់នៅកូរ៉េខាងត្បូង ត្រូវបានផលិតនិងចែកចាយដោយក្រុមហ៊ុនឱសថសាស្រ្តក្នុងស្រុក ៤ ធំៗគឺ (១) SK Bioscience (២) GC Pharma (៣) Korea Vaccine and Boryung Biopharma និង (៤) Sanofi ដែលវ៉ាក់សាំងចែកចាយពីក្រុមហ៊ុនទាំង៤ នេះ សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងករណីបាត់បង់ជីវិតនេះទាំងអស់។

សូមបញ្ជាក់ថា កម្មវិធីផ្តល់វ៉ាក់សាំងផ្តាសាយនេះគឺមានវិសាលភាពចង់គ្របដណ្តប់លើប្រជាជនកូរ៉េ និងអ្នកដែលរស់នៅកូរ៉េ យ៉ាងហោចណាស់ឱ្យបានដល់ ៣០លាននាក់ ក្នុងចំណោមប្រជាជនសរុប ៥២ លាននាក់ ជាពិសេសក្នុងបរិការណ៍នៃជម្ងឺកូវីដ គឺដើម្បីបង្ការកុំឱ្យប្រជាជនកូរ៉េរងហានិភ័យខ្ពស់ទៅនឹងគ្រុនផ្តាសាយ ឬជំងឺកូវីដ។

គិតមកដល់បច្ចុប្បន្ន ប្រជាជនប្រមាណជាង ៩.៤លាននាក់បានទទួលវ៉ាក់សាំងផ្តាសាយនេះរួចរាល់តាំងពីខែកញ្ញាមក ហើយមានការរាយការណ៍ពីភាពមិនប្រក្រតីនានាចំនួន ៧៨៩ ករណី បើតាមមជ្ឍមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *