ជិះឡានក្រុងមិនពាក់ម៉ាស់ គេនាំគ្នាណែនាំហើយមិនស្តាប់ បែរជាប្រើហឹង្សាដាក់វិញទៀត ឥឡូវត្រូវតុលាការកាត់ឱ្យជាប់ឃុំរហូតដល់ ១០ខែ

សេអ៊ូល៖ បុរសម្នាក់ត្រូវបានកាត់ទោសជាប់ឃុំរយៈពេល ១០ ខែ ដោយសារតែបំពាន និងវាយប្រហារលើអ្នកបើកបររថយន្តក្រុង និងមន្ត្រីប៉ូលីសផងដែរ ដោយគ្រាន់តែអ្នកទាំងនោះព្រមានឱ្យបុរសរូបនោះពាក់ម៉ាស់តាមវិធានការការពារកូវីដដាក់ចេញដោយរដ្ឋាភិបាល បើតាមការលើកឡើងរបស់តុលាការក្រុងសេអ៊ូលនៅថ្ងៃសុក្រម្សិលមិញ។

បុរសដែលត្រូវបានកាត់ទោសនេះមានអាយុ ៦១ ឆ្នាំ ហើយមិនត្រូវបានបញ្ចេញអត្តសញ្ញាណនោះទេ។ ប៉ូលីសបានលើកឡើងថា បុរសរូបនេះបានឡើងជិះរថយន្តក្រុងនៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១៤ សីហា កន្លងទៅ ដោយមិនបានពាក់ម៉ាស់ ហើយបានស្រែកគំហក និងជេរអ្នកបើកបររថយន្តក្រុង និងអ្នកដំណើរដទៃទៀតដែលបានព្យាយាមប្រាប់ឱ្យបុរសរូបនេះពាក់ម៉ាស់ ទៅតាមវិធានការតម្រូវដាក់ចេញដោយអជ្ញាធរសុខាភិបាលកូរ៉េ។ ដោយសារបុរសរូបនេះមិនព្រមពាក់ម៉ាស់តាមការណែនាំ អ្នកបើកបររថយន្តក្រុងបានទាក់ទងទៅមន្ត្រីប៉ូលីសដើម្បីមកដោះស្រាយ ស្រាប់តែបុរសចំណាស់នេះបានធ្វើការវាយប្រហារទៅលើអ្នកបើកបរតែម្តង និងបានគម្រាមដោយកាយវិការផ្សេងៗផងដែរ។

នៅពេលប៉ូលីសមកដល់ បុរសរូបនេះនៅតែក្លាហានហ៊ានទៅវាយប៉ូលីសដែលបានមកធ្វើអន្តរាគមន៍ផងដែរ ដោយឆូត និងចាប់ករបស់ប៉ូលីសផងដែរ ហើយពេលនាំទៅដល់ប៉ុស្តិ៍ប៉ូលីសទៅហើយនោះ ក៏នៅហ៊ានវាយលើដៃរបស់មន្ត្រីប៉ូលីសបន្ថែមទៀត នេះបើតាមការបញ្ជាក់របស់កំណត់ត្រាតុលាការ។

ដូចនេះហើយ តុលាការក្រុងសេអ៊ូលដែលទទួលបន្ទុករឿងក្តីនេះ បានសម្រេចកាត់ក្តីឱ្យបុរសរូបនេះជាប់ឃុំរយៈពេល ១០ ខែ ខណៈពេលដែលបុរសរូបនេះក៏ធ្លាប់មានប្រវត្តិបទល្មើសពីមុនមកផងដែរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ ក្នុងការទប់ស្កាត់ការឆ្លងកូវីដ បានដាក់ចេញវិធានការតម្រូវឱ្យគ្រប់គ្នាដែលប្រើប្រាស់មធ្យោបាយសាធារណៈពាក់ម៉ាស់ ហើយករណីល្មើសនឹងត្រូវពិន័យរហូតដល់ ១០ម៉ឺនវ៉ុន (ប្រមាណ ៨៨ ដុល្លារ)។

ប្រែសម្រួលខ្លឹមសារពី៖ សារព័ត៌មាន Yonhap News

 

Leave a Reply

Your email address will not be published. Required fields are marked *