ទីភ្នាក់ងារ KOICA ជួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិភាក្សាពីគម្រោងសហប្រតិបត្តិការសម្រាប់ជួយគាំទ្រកម្ពុជាឆ្នាំ ២០២១ និង២០២២ ខាងមុខ

[កយកា-KOICA និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២១ និង ២០២២]

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA និងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក-CRDB/CDC) បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរសម្រាប់ឆ្នាំ២០២១ និង២០២២ ខាងមុខ។

តាមការលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់ KOICA ភាគីទីភ្នាក់ងារ KOICA ដឹកនាំដោយ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារ KOICA ប្រចំាប្រទេសកម្ពុជា បានដឹកនាំប្រតិភូខ្លួនជួបជាមួយនឹងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលគោលបំណងសំខាន់នៃជំនួបនេះគឺដើម្បីពិភាក្សាអំពីដំណើរការសម្រាប់ការរៀបចំសកម្មភាពរបស់ទីភ្នាក់ងារ KOICA លើការឆ្លើយតបទៅនឹងការរាតត្បាតសកលរបស់វីរុសកូរ៉ូណា និងផែនការរបស់ KOICA សម្រាប់ឆ្នាំ២០២១ ក៏ដូចជាគម្រោងថ្មីៗរបស់ KOICA សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២២ និងដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីនាពេលអនាគត។

ក្នុងឱកាសនោះដែរថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានថ្លែងអំណរគុណចំពោះប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ KOICA  ដែលគាំទ្រយ៉ាងសកម្មដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងសម្របសម្រួលការស្តារសេដ្ឋកិច្ចឡើងវិញ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩១-២០១៩ KOICA បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២៦៧,៧លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតលើវិស័យអាទិភាពចំនួន៤ រួមមាន៖

  1. វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ
  2. វិស័យអប់រំ
  3. វិស័យអភិវឌ្ឍជនបទ និង
  4. វិស័យដឹកជញ្ជូន។

ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ជំនួយឥតសំណង របស់កយកាដល់កម្ពុជាមានចំនួនសរុប ២៤,៥លានដុល្លារអាមេរិក។

នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩  KOICA បាន និងកំពុងគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងដោះស្រាយផលប៉ះពាល់ពីជំងឺកូវីដ-១៩ តាមរយៈសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖

  1. ការអភិវឌ្ឍនិងការអនុវត្ត៥ឆ្នាំដំបូងនៃដំណើរឆ្ពោះទៅការអនុវត្តគម្រោងសុវត្ថិភាពសុខមាលភាពជាសកល(GHSA)
  2. កម្មវិធីរបស់អ្នកស្ម័គ្រកូរ៉េ ដែលមានឈ្មោះថាមិត្តភត្តិរបស់កូរ៉េ(WFK) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ
  3. ជំនួយចំនួន៣០ម៉ឺនដុល្លារពីស្ថានទូតកូរ៉េនិងកយកា-KOICA រួមមាន (២០ម៉ឺនដុល្លារអាមេរិកតាមរយៈការផ្ទេរប្រាក់ដោយផ្ទាល់ និងការផ្តល់ឧបករណ៍ធ្វើតេស្តិ៍កូរីដ-១៩ ដែលមានតម្លៃសរុប ១០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា),
  4. កម្មវិធី ABCរបស់កូវីដ-១៩
  5. ពង្រឹងបន្ថែម ប្រព័ន្ធសុខាភិបាលដើម្បីការពារនិងឆ្លើយតបចំពោះជំងឺឆ្លង និង
  6. កម្មវិធីសមធម៌សុខភាពនិងការកែលំអគុណភាព (H-EQIP) ។

Leave a Reply

Your email address will not be published. Required fields are marked *