អបអរសាទរ!! ទីក្រុងសៀមរាបរបស់កម្ពុជាយើងត្រូវបានជ្រើសរើសជា «ទីក្រុង​វប្បធម៌​អាស៊ាន» សម្រាប់ឆ្នាំ ២០២១-២០២២

សៀមរាប៖ ទីក្រុង​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រកាស​ជា ​ទីក្រុង​វប្បធម៌​អាស៊ាន ក្នុង​កិច្ចប្រជុំ​លើក​ទី​៩ ​រដ្ឋមន្ត្រី​អាស៊ាន​ ទទួលបន្ទុក​វប្បធម៌​ និង​សិល្បៈ​។ ​ការ​ជ្រើសរើស​ទីក្រុង​សៀមរាប ​ជាទី​ក្រុង​វប្បធម៌​អាស៊ាន ​សម្រាប់​ឆ្នាំ២០២១–២០២២ ​គឺ​ដោយសារ​ទីក្រុង​សៀមរាប ​គឺជា​អតីត​រាជធានី​ នៃ​ចក្រភព​ខ្មែរ ​សម្បូរ​ទៅ​ដោយ​មរតក​វប្បធម៌​ទាំង​រូបី ​និង​អរូបី ​និង​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌ ​ធម្មជាតិ​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភពលោក​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​នា​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០ នេះ​។

ចាប់ពី​ឆ្នាំ​២០០៨​ មក ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ​ទទួលបន្ទុក​វប្បធម៌ ​និង​សិល្បៈ​បាន​ឯកភាពគ្នា​ឲ្យ​ប្រទេស​នីមួយ​ដែល​ជា​ប្រធាន​ប្តូរ​វេន​ដឹកនាំ​កិច្ចប្រជុំ ​ជ្រើសរើស​ទីក្រុង​មួយ​របស់​ខ្លួន​ដើម្បី​ស្នើ​ដាក់​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​។

ការកំណត់​ទីក្រុង​វប្បធម៌​អាស៊ាន ​គឺធ្វើឡើង​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​អាស៊ាន​ និង​ភាព​ផ្សេងគ្នា​នៃ​វប្បធម៌​របស់​ប្រទេស​នីមួយៗ​ ដែល​ជា​សមាជិក​អាស៊ាន​។ ​ការជ្រើសរើស​នេះ ​មាន​សុពលភាព​រយៈពេល​០២​ឆ្នាំ​។

ទីក្រុង​វប្បធម៌​អាស៊ាន ដែល​បាន​ជ្រើសរើស​កន្លងមក​រួមមាន​

១. ទីក្រុង Cebu នៃ​ប្រទេស​ហ្វីលីពីន ចាប់ពី​ឆ្នាំ ២០១០ –២០១១

២. ទីក្រុង Singapore នៃ​ប្រទេស សិង្ហបុរី ចាប់ពី​ឆ្នាំ ២០១២–២០១៣

៣. ទីក្រុង Hue ​នៃ​ប្រទេស​វៀតណាម​ ចាប់ពី​ឆ្នាំ ២០១៤–២០១៥

៤. ទីក្រុង Bandar Seri Begawan ​នៃ​ប្រទេស​ប្រ៊ុយណេ​ ចាប់​ឆ្នាំ ២០១៦–២០១៧

៥. ទីក្រុង Yogyakarta នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ឆ្នាំ ២០១៨–២០២០ ៕

ខ្លឹមសារអត្ថបទទាំងស្រុងពី៖ BTV News

     

Leave a Reply

Your email address will not be published. Required fields are marked *