ចែករំលែកឱ្យបានដឹងគ្រប់គ្នាផង! ពន្ធលើចំណេញមូលធន ២០% ដែលប្រកាសអនុវត្តចាប់ពីឆ្នាំក្រោយនោះ ត្រូវពន្យាររហូតដល់ឆ្នាំ ២០២២ វិញហើយ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនារសៀលថ្ងៃព្រហស្បតិ៍នេះ បានជូនដំណឹងអំពីការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការពន្យារកាលបរិច្ឆេទកំណត់ការប្រមូលពន្ធលើចំណេញមូលធន ២០% ទៅឆ្នាំ២០២២ វិញ។

បើតាមខ្លឹមសារលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ការសម្រេចចិត្តបែបនេះគឺធ្វើឡើងទៅតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន ដោយសម្រេចពន្យារពេលអនុវត្តការប្រមូលពន្ធលើចំណេញមូលធន ២០% នេះរយៈពេល ១ ឆ្នាំទៀត មានន័យថានឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ ឯណោះវិញ។

ការពន្យារពេលនេះគឺសម្រាប់ទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ អាចស្វែងយល់ឱ្យកាន់តែច្បាស់នូវបទប្បញ្ញាត្តិស្តីពីពន្ធលើចំណេញមូលធន ដើម្បីឱ្យមានការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ពន្ធលើចំណេញមូលធននេះជាប្រភេទពន្ធថ្មី ដែលអគ្គនាយកដ្ឋានពន្ធដារបានប្រកាសជូនដំណឹងក្នុងពាក់កណ្តាលឆ្នាំ២០២០នេះ។ ពន្ធនេះគឺសំដៅដល់ពន្ធលើចំណេញមូលធន ដែលមានអត្រា២០% នៃចំណេញមូលធន ដែលជាផលចំណេញកើតចេញពីការលក់ ឬផ្ទេរ ឬបង្កើតឱ្យមានកម្មសិទ្ធិលើមូលធន ដូចជា អចលនទ្រព្យ ភតិសន្យា (lease) ទ្រព្យវិនិយោគ កេរ្ដិ៍ឈ្មោះអាជីរកម្ម (Goodwill) កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេសជាដើម។

សូមពិនិត្យមើល៖ ពន្ធលើចំណេញមូលធន ២០% នឹងអនុវត្តឆ្នាំ២០២១ លើកលែងតែចំពោះអចលនទ្រព្យ ៥ ប្រភេទនេះ ដែលមិនជាប់ពន្ធនេះទេ!!

Leave a Reply

Your email address will not be published. Required fields are marked *