សេអ៊ូល៖ រដ្ឋបាលក្រុងសេអ៊ូលបានចាប់ផ្តើមអនុវត្តនូវកម្មវិធីសាកល្បងថ្មី ដោយអនុញ្ញាតឱ្យអ្នកធ្វើដំណើរអាចដាក់កង់របស់គេភ្ជាប់តាមរថយន្តក្រុង ដែលនឹងចាប់អនុវត្តសាកល្បងពីសប្តាហ៍ក្រោយនេះទៅ។
នៅក្រោមគម្រោងកម្មវិធីសាកល្បងថ្មីនេះ អ្នកធ្វើដំណើរតាមផ្លូវខ្សែរថយន្តក្រុងចំនួន ៥ ខ្សែនឹងអាចដាក់កង់របស់ពួកគេភ្ជាប់ទៅនឹងផ្នែកខាងក្រោយនៃរថយន្តក្រុង ឬក៏អាចលើកចូលទៅក្នុងរថយន្តក្រុងផ្ទាល់ ដែលខ្សែរត់ទាំង៥នោះមានខ្សែ 6657 (មានរថយន្តក្រុងចំនួន៦ ដែលអាចភ្ជាប់កង់នៅខាងក្រោយបានចំនួន ២ កង់), 7730 (មានរថយន្តក្រុងចំនួន៣ ដែលអាចភ្ជាប់កង់នៅខាងក្រោយបានចំនួន ២ កង់) និងខ្សែ 162, 6513 និង 7612 ដែលនឹងមានរថយន្តក្រុងអាចដាក់កង់នៅខាងក្នុងបានចំនួន ១។
យ៉ាងណាមិញ ការសាកល្បងនេះនឹងអនុវត្តរៀងរាល់ថ្ងៃ សម្រាប់រយៈពេលពីរខែ លើកលែងតែម៉ោងដែលមានមនុស្សច្រើនពីម៉ោង ៧ ដល់ម៉ោង ១០ព្រឹក និងពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨ ល្ងាចថ្ងៃធ្វើការ។
បើតាមមន្ត្រីទទួលបន្ទុកលើកម្មវិធីសាកល្បងនេះលើកឡើងថា នេះនឹងក្លាយជាយន្តការថ្មីដើម្បីតភ្ជាប់មធ្យោបាយធ្វើដំណើររបស់ប្រជាជនក្រុងសេអ៊ូល ជាពិសេសគឺជម្រុញឱ្យមានការតភ្ជាប់កាន់តែងាយស្រួលសម្រាប់អ្នកចូលចិត្តជិះកង់ ហើយកម្មវិធីនេះនឹងបន្តអនុវត្តជាមួយនឹងរថយន្តតាក់ស៊ី និងរថភ្លើងផងដែរ។
តាមប្រភពពីមន្ត្រីជំនាញដដែល ប្រសិនបើការសាកល្បងនេះជោគជ័យ គេនឹងបន្តពង្រីកបន្ថែមទៅកាន់ខ្សែរថយន្តក្រុងដទៃទៀតក្នុងក្រុងសេអ៊ូល នៅក្នុងដើមឆ្នាំក្រោយ ដោយនឹងពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់។