សេអ៊ូល៖ ហាងនំប៉័ង បង្អែម និងកាហ្វេដ៏ល្បីនៅកូរ៉េខាងត្បូង Paris Baguette នឹងមានវត្តមានបើកសាខាដំបូងរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាយើងនាពេលឆាប់ៗខាងមុខនេះហើយ បើតាមការលើកឡើងរបស់លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ ក្នុងទំព័រហ្វេសប៊ុករបស់លោកផ្ទាល់នាព្រឹកនេះ។
បើតាមលោកឯកអគ្គរាជទូត ហាងនំប័ុង Paris Baguette នឹងមានវត្តមានដំបូងបង្អស់នៅកម្ពុជា នៅម្តុំទីតាំងបឹងកេងកងទី១ តែម្តង ដែលជាទីតាំងប្រមូលផ្តុំហាងជាច្រើន និងពេញនិយមសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ និងជាទីតាំងប្រមូលផ្តុំនូវជនបរទេសផងដែរ។

ក្នុងរូបភាពញញឹមពព្រាយដោយក្តីរីករាយ ជាមួយដៃគូសន្ទនារបស់លោក លោកឯកអគ្គរាជទូត ក៏បានលើកឡើងពីក្តីសោមនស្សនៃសមិទ្ធផលថ្មីរបស់ស្ថានទូតកម្ពុជា ក្នុងបេសកកម្មរបស់ខ្លួនដើម្បីអូសទាញអ្នកវិនិយោគកូរ៉េ ឱ្យមកបោះទុនវិនិយោគសហការជាមួយវិនិយោគិនក្នុងស្រុករបស់យើង។
ហាងនំប៉័ង Paris Baguette ត្រូវបានបងប្អូនអ្នកនៅកូរ៉េខាងត្បូងស្គាល់យ៉ាងច្បាស់តាមរយៈវត្តមានដែលមានសឹងតែគ្រប់ទីកន្លែង គ្រប់ច្រកល្ហកទូទាំងប្រទេសកូរ៉េ ជាមួយនឹងរសជាតិ និងប្រភេទនំប័ុងឆ្ងាញ់ ប្លែកជាច្រើនមុខសម្រាប់អតិថិជន មិនថាជាអតិថិជនកូរ៉េ ឬអតិថិជនបរទេសដែលបានមកដល់កូរ៉េខាងត្បូងនោះទេ។

សូមបញ្ជាក់ថាហាងនំប៉័ង Paris Baguette ត្រូវបានប្រតិបត្តិការដំបូងចាប់តាំងពីឆ្នាំ ១៩៨៨ ជាហាងនំប័ុងដែលផ្តោតលើគុណភាព និងអនាម័យ ហើយជាហាងនំប័ុងដែលនាំមុខគេក្នុងការដុតនំប័ុងតាមបែបអឺរ៉ុបដំបូងគេបង្អស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ចាប់តាំងពីដើមឆ្នាំ២០០០ មក ហាងនំប័ុងនេះបានបើកប្រតិបត្តិការជាងហាងកាហ្វេផងដែរ ដើម្បផ្សំគ្នាជាមួយរសជាតិនំប័ុងរបស់ខ្លួន។ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហាងនំប៉័ង Paris Baguette មានជាង ៣៤៣០ សាខា រួមនឹងសាខានៅក្រៅប្រទេសទូទាំងពិភពលោកចំនួន ៤០១ សាខា និងសាខាដែលនឹងបើកថ្មីនៅកម្ពុជាចំនួន ១ បន្ថែមទៀត។ ហាងនំប័ុងដ៏ល្បីនេះ ផលិតនំប័ុងជាង ៤ លានដុំ ជាប្រចាំថ្ងៃ។
យើងសង្ឃឹមថា ហាងនំប៉័ង Paris Baguette នឹងទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានការគំាទ្រទូលំទូលាយពីសំណាក់ប្រជាជនកម្ពុជា។

