ទិន្នន័យបង្ហាញថា រលករាតត្បាតនៃជម្ងឺកូវីដ-១៩ ជះឥទ្ធិពលដល់ទីផ្សារការងារសម្រាប់យុវជន និងអ្នកធ្វើការវ័យក្មេងខ្លាំងជាងគេនៅកូរ៉េខាងត្បូង

សេអ៊ូល៖ យុវជនវ័យក្មេងកូរ៉េខាងត្បូងជាអ្នករងបន្ទុកពីផលប៉ះពាល់នៃជំងឺកូវីដ ចាប់តាំងពីជំងឺរាតត្បាតនេះបានវាយលុកលើទ្វីបអាស៊ី និងពិភពលោកពីខែមករាដើមឆ្នាំនេះមក បើយោងតាមទិន្នន័យដែលបង្ហាញនៅថ្ងៃពុធនេះ។

តាមទិន្នន័យគេសង្កេតឃើញថា ចំនួនប្រជាជនកូរ៉េខាងត្បូងដែលមានការងារធ្វើមានការធ្លាក់ចុះ ស្របពេលដែលចំនួននៃការឆ្លងរាតត្បាតបានកំពុងកើនឡើងនោះ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកូរ៉េខាងត្បូង។ ក្នុងនោះ គេសង្កេតឃើញទិន្នន័យនៃការបាត់បង់ការងារកើនឡើងខ្លាំងក្នុងអំឡុងខែមេសា និងក្រោយមកទៀតក្នុងអំឡុងពាក់កណ្តាលខែសីហា ក្រោយពីមានការផ្ទុះការឆ្លងជាលើកទីពីរនៅប្រទេសកូរ៉េខាងត្បូង។

ទិន្នន័យខាងលើនេះបានបង្ហាញពីតួលេខនៃការបាត់បង់ការងារក្នុងអំឡុងខែមេសា ដែលមានដល់ទៅជា ៤២ម៉ឺននាក់ ដែលមានអាយុពី ១៥ ដល់ ៣៩ឆ្នាំ បើប្រៀបទៅនឹងចំនួនអ្នកបាត់បង់ការងារ ១៩៥០០០ នាក់ទៀតកាលពីខែមីនា។ រីឯអ្នកដែលមានអាយុខ្ទង់ ៤០ ទៅ ៥០ឆ្នាំ បានបាត់បង់ការងារក្នុងអំឡុងខែមេសាត្រឹមជាង ៣៣ ម៉ឺននាក់ប៉ុណ្ណោះ ផ្ទុយមកវិញ អ្នកដែលមានការងារធ្វើ ហើយមានអាយុពី ៦០ឆ្នាំឡើងទៅ បានកើនទៅវិញដល់ទៅ ២៧៤០០០ កន្លែង។

ចំណែកឯក្នុងខែកញ្ញានេះវិញ ចំនួនអ្នកបាត់បង់ការងារដែលមានចន្លោះអាយុពី ១៥ ដល់ ៣៩ កើនដល់ជាង ៥០ម៉ឺន ខណៈដែលអ្នកដែលមានអាយុពី ៤០ ទៅ ៥០ឆ្នាំ បាត់បង់ការងារអស់ជាង ៣០៩០០០ កន្លែង។

ជារួមទិន្នន័យថ្មីនេះបានបង្ហាញថា អ្នកដែលប៉ះពាល់រងគ្រោះពីជំងឺកូរ៉ូណានេះច្រើនជាងគេ គឺអ្នកធ្វើការដែលមានវ័យក្មេង។

សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញានេះ អត្រាអ្នកអត់ការងារធ្វើនៅកូរ៉េខាងត្បូងមានចំនួន ៣.៦ភាគរយ ដែលកើនឡើងប្រមាណ ០.៥ ភាគរយពីពេលវេលាដូចគ្នាប្រៀបនឹងឆ្នាំកន្លងទៅ។

កែសម្រួលពី៖ សារព័ត៌មាន Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *