រដូវរងារកាន់តែកៀក ប្រជាជនកូរ៉េខ្លាចរអារមិនហ៊ានចាក់វ៉ាក់សាំងផ្តាសាយ ក្រោយពីមានមនុស្ស ៣ នាក់បាត់បង់ជីវិតបន្ទាប់ពីចាក់វ៉ាក់សាំង

សេអ៊ូល៖ មតិសាធារណជនកូរ៉េខាងត្បូងកំពុងតែព្រួយបារម្ភអំពីសុវត្ថិភាពនៃការទទួលវ៉ាក់សាំងគ្រុនផ្តាសាយ ខណៈដែលមានមនុស្ស ៣ នាក់បានបាត់បង់ជីវិតក្រោយពីបានចាក់វ៉ាក់សាំងគ្រុនផ្តាសាយនេះ។

ឈានចូលដល់រដូវរងារ ការចាក់វ៉ាក់សាំងផ្តាសាយគឺជាអ្វីដែលប្រជាជនកូរ៉េទូទៅតែងតែធ្វើ ដើម្បីការពារពីអាកាសធាតុ និងជម្ងឺផ្តាសាយផ្សេងៗ។ ប៉ុន្តែថ្មីៗប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថាមានករណីជនរងគ្រោះបាត់បង់ជីវិត ក្រោយទទួលវ៉ាក់សាំងនេះដល់ទៅ ៣ ករណីដែលបានបង្កឱ្យមានការរុញរា និងខ្លាចរអារក្នុងការចាក់វ៉ាក់សាំងផ្តាសាយនេះ

បើតាមការប្រកាសរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កូរ៉េ ករណីទីមួយ គឺស្រ្តីចំណាស់វ័យ ៧៨ ឆ្នាំម្នាក់ដែលបានរកឃើញបាត់បង់ជីវិតនៅក្នុងផ្ទះរបស់ខ្លួននៅក្រុងហ្គូឆាង ប្រមាណ៣០០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ក្រោយពីទទួលវ៉ាក់សាំងផ្តាសាយបានមួយថ្ងៃមុនមក។ ករណីមួយផ្សេងទៀត គឺបុរសចំណាស់អាយុ ៨២ឆ្នាំ ដែលបានរកឃើញបាត់បង់ជីវិតដែរនៅក្រុងដេជុន ក្រោយពីបានចាក់វ៉ាក់សាំងផ្តាសាយដូចគ្នានៅក្នុងថ្ងៃដែលគាត់បានបាត់បង់ជីវិតនោះតែម្តង។ ហើយករណីចុងក្រោយបង្អស់ គឺយុវជនអាយុ ១៧ឆ្នាំម្នាក់នៅតំបន់អ៊ីនឆន់ ដែលបានស្លាប់កាលពីថ្ងៃសុក្រកន្លងមក ក្រោយបានចាក់វ៉ាក់សាំងផ្តាសាយកាលពីពីរថ្ងៃមុនមក។

យ៉ាងណាមិញ តាមរយៈការស៊ើបអង្កេតពីអ្នកជំនាញ បានឱ្យដឹងថាមកដល់ពេលនេះ គេរកមិនទាន់ឃើញពីការជាប់ពាក់ព័ន្ធគ្នានៃការចាក់វ៉ាក់សាំងផ្តាសាយ និងការបាត់បង់ជីវិតរបស់អ្នករងគ្រោះទាំងបីនោះទេ ហើយការស៊ើបអង្កេតកំពុងតែត្រូវបានធ្វើបន្តទៀត។

អជ្ញាធរសុខាភិបាលក៏បានលើកឡើងផងដែរថា​ នៅគ្លីនិកដែលយុវជនអាយុ ១៧ ឆ្នាំដែលបានបាត់បង់ជីវិតនោះ ក្រោយចាក់វា៉ក់សាំងនោះ ក៏មានអ្នកផ្សេងមកទទួលចាក់វ៉ាក់សាំងដល់ ៣២នាក់ទៀត តែមិនមានការរាយការណ៍ណាផ្សេងពីបញ្ហានៃវ៉ាក់សាំងដូចយុវជនរងគ្រោះនោះទេ។

យ៉ាងណាក៏ដោយ ករណីនៃការស្លាប់ផ្ទួនៗ និងចៃដន្យគ្នានេះ បានបង្កឱ្យមតិសាធារណជនកូរ៉េខាងត្បូងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការទៅចាក់វ៉ាក់សាំងផ្តាសាយនេះ ខណៈដែលរដូវរងាកាន់តែខិតជិតចូលមកដល់នោះ។

Leave a Reply

Your email address will not be published. Required fields are marked *