សេអ៊ូល៖ នាថ្ងៃទី ២០ តុលា ឆ្នាំ២០២០នេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយលោកនាយករដ្ឋមន្ត្រីកូរ៉េ Chung Sye-kyun បើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកទូតផ្ទាល់។
ជំនួបសំដែងការគួរសម និងពិភាក្សាការងារនេះ បានផ្ដោតសំខាន់ទៅលើការលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតកូវីដ-១៩។
ក្នុងនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យកសិកម្មផងដែរ ដែលលោកនាយករដ្ឋមន្ត្រីបានជំរុញឱ្យមានកិច្ចសហការគ្នាល្អរវាង NongHyup (NH) និងភាគីកម្ពុជា ដើម្បីប្រែក្លាយវិបត្តិពិភពលោកកូវីដ-១៩ នេះទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ។
លោកនាយករដ្ឋមន្ត្រីកូរ៉េ ក៏បានលើកពីអនុស្សាវរីយ៍នៃទំនាក់ទំនងល្អជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយលោកមានកិត្តិយសដោយបានទទួលអាហារថ្ងៃត្រង់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីដើមខែកុម្ភៈកន្លងមកនេះ ដោយសម្ដេចតេជោគឺជាភ្ញៀវបរទេសទី១ ពេលដែលគាត់ទើបទទួលតំណែងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង។
លើសពីនោះទៀត លោកនាយករដ្ឋមន្ត្រី Chung Sye-kyun ក៏មានអនុស្សាវរីយ៍ល្អជាមួយប្រទេសកម្ពុជាផ្សេងទៀតដែរ ដែលកាលពីឆ្នាំ២០១៣ លោកបានចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនាពេលនោះ ហើយបានកោតសរសើរដល់ការអនុវត្តនូវដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជាជាទៀតទាត់។