សេអ៊ូល៖ យ៉ាងហោចណាស់មនុស្ស ១៧ នាក់ បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកតគ្នាមួយ នៅភាគកណ្តាលប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារ បើតាមការលើកឡើងរបស់ប៉ូលីស។
នៅព្រឹកព្រលឹមវេលាម៉ោង ៥:៥២ នាទី មានគ្រោះថ្នាក់ចរាចរណ៍បុកតកន្ទុយគ្នាដែលមានឡានប្រមាណជាង ១៥ គ្រឿងរងគ្រោះក្នុងករណីនេះ។ ករណីនេះកើតឡើងនៅលើផ្លូវ Expressway ល្បឿនលឿន ប្រមាណ១២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។
ករណីនេះចាប់ផ្តើមដំបូងដោយសារឡានដឹកទំនិញ ២៥ តោន មួយគ្រឿងបានជ្រុលទៅប៉ះឡាន ២៥ តោនមួយគ្រឿងផ្សេងទៀត ដែលនាំឱ្យរថយន្ត ៩ គ្រឿងបន្តបន្ទាប់ទៀតចាប់ហ្វ្រាំងមិនទាន់ បុកតគ្នាបន្តបន្ទាប់ ខណៈដែលនៅខាងក្រោយរៀងឆ្ងាយដែរ ក៏មានករណីចាប់ហ្រ្វាំងបុកតៗគ្នារវាងរថយន្ត ៤ គ្រឿងផ្សេងទៀត បើតាមការលើកឡើងរបស់ប៉ូលីស។
ករណីដ៏គួរឱ្យភ្ញាក់ផ្អើលបណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់ ១៧ នាក់របួស តែមិនមានករណីបាត់បង់ជីវិតនោះទេ ហើយក៏បានបណ្តាលឱ្យមានការស្ទះចរាចរណ៍លើផ្លូវ Expressway អស់រយៈពេលជាង ៣ម៉ោងផងដែរ។
ក្នុងនោះដែរ ប៉ូលីសបានបញ្ជាក់ថាស្ថានភាពអាកាសធាតុចុះអ័ព្ទខ្លាំង អាចជាមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍បុកតកន្ទុយគ្នានេះកើតឡើង តែយ៉ាងណាក៏ដោយប៉ូលីសកំពុងបន្តស៊ើបអង្កេតរកមូលហេតុជាក់លាក់ថែមទៀតផងដែរ។
បើតាមការរាយការណ៍ពីរដ្ឋបាលឧតុនិយមកូរ៉េ នៅវេលាព្រឹកមិញនេះ កម្រិតនៃការមើលឃើញត្រូវបានរំខានដោយអ័ព្ទក្រាស់ ដែលអាចមើលផ្លូវបានត្រឹម ៤០ ទៅ ៧០ មែ៉ត្រទៅមុខប៉ុណ្ណោះ។
