សេអ៊ូល៖ បុគ្គលិកក្រុមហ៊ុនកូរ៉េម្នាក់ដែលបានស្លាប់កាលពីឆ្នាំ២០១៨ ក្រោយពីធ្វើដំណើរទៅធ្វើទៅមករវាងទីក្រុងសេអ៊ូល និងប៊ូសាន អស់ជាង ១០០០ គីឡូម៉ែត្ររៀងរាល់សប្តាហ៍ ត្រូវបានតុលាការកូរ៉េខាងត្បូងកាត់ក្តីទទួលស្គាល់ករណីនេះជាករណីគ្រោះថ្នាក់ការងារ ដែលអាចឱ្យក្រុមគ្រួសារបុគ្គលរូបនេះទទួលបានសំណងពាក់ព័ន្ធការងារ។
បុគ្គលិករូបនេះនៅពេលបាត់បង់ជីវិតមានអាយុ ៤៩ ឆ្នាំ ជាអ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុនឯកជនមួយ ត្រូវបានគេរកឃើញបាត់ស្មារតីនៅលើរថភ្លើងពីប៊ូសាន មកក្រុងសេអ៊ូល និងបានបាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យនៅក្នុងខែមិថុនា ឆ្នាំ២០១៨។ ការធ្វើដំណើររាប់រយគីឡូម៉ែត្រររៀងរាល់សប្តាហ៍វាងទីក្រុងសេអ៊ូល និងប៊ូសាន មានរយៈពេលជាង ៦ ខែ ក្រោយពីក្រុមហ៊ុនរបស់បុរសខាងលើត្រូវបានផ្លាស់ប្តូរទីតាំងទៅទីក្រុងប៊ូសាន ៤៥០ គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។
សូមបញ្ជាក់ថា ករណីនេះត្រូវបានចាប់ផ្តើមប្តឹងផ្តល់ដល់តុលាការតាំងពីឆ្នាំ២០១៨ ពេលដែលបុរសរូបនេះស្លាប់ ដោយក្រុមគ្រួសារលើកឡើងថាករណីនេះជាករណីពាក់ព័ន្ធនឹងគ្រោះថ្នាក់ការងារ ដោយសារបុរសនេះត្រូវរងសម្ពាធនៃការធ្វើដំណើររាប់រយគីឡូម៉ែត្រជាប្រចាំ ប៉ុន្តែក្រោយពីការពិនិត្យរបស់អជ្ញាធរមួយរយៈមក ខាងភ្នាក់ងារធានារ៉ាប់រងបានបដិសេធដោយលើកឡើងថា បុរសរូបនេះអាចនឹងបាត់បង់ជីវិតដោយសារជំងឺប្រចាំកាយរបស់គាត់ប៉ុណ្ណោះ ដែលជាហេតុនាំឱ្យមានការបន្តក្តីក្តាំរហូតដល់តុលាការដល់បច្ចុប្បន្ននេះ។
បើតាមហេតុផលដែលតុលាការក្រុងសេអ៊ូលលើកឡើង គាំទ្រការកាត់សេចក្តីរបស់ខ្លួនគឺ បុរសខាងលើត្រូវរងសម្ពាធការងារក្រោយពីការរើសផ្លាស់ប្តូរកន្លែងធ្វើការ រួមនឹងការហត់នឿយអស់កម្លាំងដោយសារការធ្វើដំណើរដ៏ឆ្ងាយជាប្រចាំផងដែរ។ ក្នុងនោះដែរ តុលាការក៏បានបដិសេធចោលនូវហេតុផលដែលថាការបាត់បង់ជីវិតរបស់បុរសនេះ គឺដោយសារតែជំងឺប្រចាំកាយរបស់គាត់ផ្ទាល់ ដោយតុលាការលើកឡើងថាបុរសខាងលើរក្សាស្ថានភាពជំងឺខ្លួនបានល្អ នៅមុនពេលដែលមានការរើសកន្លែងធ្វើការរបស់ខ្លួន។
ការកាត់សេចក្តីរបស់តុលាការ នឹងតម្រូវឱ្យភ្នាក់ងារធានារ៉ាប់រងការងាររបស់ក្រុមហ៊ុនបុរសខាងលើ ផ្តល់ប្រាក់សំណងធានារ៉ាប់រងការងារ និងអត្ថប្រយោជន៍ពាក់ព័ន្ធដទៃទៀតដល់គ្រួសារជនរងគ្រោះ រួមនឹងសំណងនៃការចំណាយលើការធ្វើបុណ្យសពផងដែរ។