ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ តុលានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានទទួលជួបឯកឧត្តម ប៉ាក់ ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េទើបតែងតំាងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមអគ្គរដ្ឋទូតកូរ៉េ បានជម្រាបជូន អំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម Park Byeong-seug ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា ក្នុងគោលបំណងពង្រឹង ពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែល្អប្រសើរខ្លាំងក្លាថែមទៀត និងគ្រប់ជ្រុងជ្រោយ។

ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា រដ្ឋសភាកម្ពុជាត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ Park Byeong-seug យ៉ាងកក់ក្តៅជាទីបំផុត។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង។

សម្តេចអគ្គមហាពញាចក្រី បានលើកឡើងថា សាធារណរដ្ឋកូរ៉េបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល កសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។ ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្នើសុំចំនួនកូតាពលរដ្ឋខែ្មរទៅធ្វើការងារនៅកូរ៉េបន្ថែមទៀត ដើម្បីអាចផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរ អាចទៅធ្វើការ និងរៀនសូត្រពីបទពិសោធន៍ការងារនៃប្រទេសកូរ៉េខាងត្បូងផងដែរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានជម្រាប អំពីវឌ្ឍនភាពថ្មី នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះទំហំពាណិជ្ជម្មកម្ពុជា-កូរ៉េនៅឆ្នាំ២០១៩ បានកើនដល់ជាង១ពាន់លានដុល្លារ ហើយទុនវិនិយោគកូរ៉េនៅកម្ពុជាមានជាង៥ពាន់លានដុល្លារ ចំណែកពលករកម្ពុជា ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េមានប្រមាណ៤ម៉ឺននាក់។
ក្នុងនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចប្រធានរដ្ឋសភាបន្ថែមថា នៅឆ្នាំខាងមុខ កូរ៉េនឹងចូលរួមយ៉ាងសកម្មក្នុងការជួយដោះមីន នៅខេត្តបន្ទាយមានជ័យ និងប៉ៃលិន។
