ព្រៃផ្សៃពេកហើយ! ស្រ្តីម្នាក់នៅជេជូទើបនឹងឆ្លងទន្លេបាន ៣ ថ្ងៃ ប្រកាសលក់កូនរបស់ខ្លួនតម្លៃត្រឹម ២០ម៉ឺនវ៉ុន ក្នុងកម្មវិធីទីផ្សារឥវ៉ាន់ជជុសរបស់កូរ៉េ

កោះជេជូ៖ ស្រ្តីជនជាតិកូរ៉េម្នាក់បានប្រកាសលក់ទារកទើបនឹងចាប់កំណើតរបស់ខ្លួន តាមប្រព័ន្ធផ្សារទិញ-លក់ឥវ៉ាន់ជជុសអនឡាញមួយ ដែលបង្កជាការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជន និងអជ្ញាធរកូរ៉េ នៅព្រឹកថ្ងៃចន្ទនេះ។

គេបានរកឃើញការប្រកាសលក់ទារកម្នាក់ ដែលដាក់ថាអាយុប្រហែល ៣៦ សប្តាហ៍ តាមប្រព័ន្ធទីផ្សារអនឡាញក្នុងតម្លៃ ២០ម៉ឺនវ៉ុន (ប្រមាណ 175$) កាលពីថ្ងៃសុក្រកន្លងទៅ។ នេះជាករណីមិនធ្លាប់មានទាល់តែសោះ ហើយប្រជាជនអ្នកប្រើប្រាស់ទូទៅ រួមនឹងអជ្ញាធរផងដែរបានថ្កោលទោស និងរិះគន់យ៉ាងខ្លាំងចំពោះទង្វើបែបនេះ។ ស្រ្តីដែលបានប្រកាសលក់ទារកនេះ ត្រូវបានសមត្ថកិច្ចកូរ៉េស៊ើបអង្កេតរកឃើញថាជាស្រ្តីដែលមានវ័យប្រហែល ២០ឆ្នាំ ហើយនៅលីវនៅឡើយ ដែលករណីប្រកាសលក់ទារកនេះ គឺអាចដោយសារស្រ្តីរូបនេះមានបញ្ហាលំបាកក្នុងការបង្កើតកូន និងចិញ្ចឹមកូនជាមួយនឹងបន្ទុកសេដ្ឋកិច្ច និងសម្ពាធផ្លូវអារម្មណ៍ផង ដោយសារអាចជាករណីមានផ្ទៃពោះដោយមិនគ្រោងទុក។

ការប្រកាសលក់ទារកក្នុងកម្មវិធីទីផ្សារទិញ-លក់អនឡាញមួយរបស់កូរ៉េ

ស្រ្តីរូបនេះបានបង្ហាញពីអារម្មណ៍សោកស្តាយ​ និងខុសឆ្គង បើតាមការលើកឡើងរបស់ប៉ូលីស ហើយបានលុបចោលនូវការប្រកាសលក់នេះភ្លាមៗផងដែរ ក្រោយពីដឹងថាសកម្មភាពរបស់ខ្លួនមានការខុសធ្ងន់ធ្ងរ។

ការប្រកាសនេះបានលេចលឺទៅកាន់អ្នកប្រើប្រាស់អ៊ីនធើណែតយ៉ាងលឿង និងបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធើណែតកូរ៉េខាងត្បូង ដែលនាំឱ្យសមត្ថកិច្ចប៉ូលីសនៃកោះជេជូ បានស៊ើបអង្កេតផ្ទាល់លើករណីដែលមិនដែលធ្លាប់កើតមានឡើងនេះ ដែលជាការល្មើសទៅនឹងច្បាប់សុខុមាលភាពកុមារនៅកូរ៉េខាងត្បូង។

តាមការលើកឡើងរបស់ប៉ូលីស ស្រ្តីរូបនេះបានឆ្លងទន្លេនៅគ្លីនិកមួយនៅកោះជេជូ កាលពីថ្ងៃអង្គារសប្តាហ៍មុន និងបានធ្វើការបង្ហោះប្រកាសលក់នេះនៅថ្ងៃសុក្រ ៣ ថ្ងៃក្រោយមក។ តាមការសាកសួររបស់ប៉ូលីស ស្រ្តីរូបនេះបាននិយាយថា ខ្លួនខឹងដោយសារតែនីតិវិធីនៃការដាក់កូនឱ្យគេស្នើសុំចិញ្ចឹមមានលក្ខណៈលំបាក និងត្រូវការពេលវេលាយូរ ខណៈដែលខ្លួនគ្មានការងារធ្វើ ហើយឪពុករបស់ក្មេងនេះស្ថិតក្នុងលក្ខខណ្ឌមួយដែលមិនអាចចិញ្ចឹមក្មេងនេះបានផងដែរ។ រីឯឪពុកម្តាយរបស់នាងរស់នៅលើកោះជេជូដែរ ប៉ុន្តែមិនមានលទ្ធភាពអាចជួយចិញ្ចឹមកូននេះបាន។

ប៉ូលីសលើកឡើងបន្តទៀតថា នឹងបន្តសាកសួរចម្លើយពីស្រ្តីខាងលើបន្ថែមទៀត ហើយស្រ្តីរូបនេះគ្រោងនឹងចុះឈ្មោះចូលមជ្ឈមណ្ឌលជួយគាំពារម្តាយដែលគ្មានប្តី ដើម្បីទទួលបានការគាំពារ និងគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្ត​បន្ថែម។

ប្រភពអត្ថបទ៖ សារព័ត៌មាន Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *