សេអ៊ូល៖ ក្រុមហ៊ុនអាកាសចរកូរ៉េខាងត្បូង Korean Air គ្រោងនឹងប្រមែប្រមូលប្រាក់សុទ្ធបន្ថែមឱ្យបានដល់ ១.៥ ទ្រីលានវ៉ុន (ប្រហែល ១.៣ ប៊ីលានដុល្លារ) ដើម្បីយកមកទប់នឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើឧស្សាហកម្មអាកាសចររបស់ខ្លួន ដែលក្រុមហ៊ុនព្យាករណ៍ថានឹងបន្តប៉ះពាល់ក្នុងរយៈពេលយូរបន្ថែមទៀត។
ប្រភពពីក្រុមហ៊ុន Korean Air បានលើកឡើងថា ដើម្បីអាចប្រមែប្រមូលកញ្ចប់ថវិកាដល់ច្រើននេះ ក្រុមហ៊ុនគ្រោងនឹងលក់អចលនទ្រព្យ និងដីជាច្រើនកន្លែងនៅក្នុងទីក្រុងសេអ៊ូល ទៅឱ្យសាលាក្រុងសេអ៊ូលក្នុងតំលៃជាង ៥០០ប៊ីលានវ៉ុន ហើយនឹងអាចទទួលបានប្រាក់ឧបត្ថម្ភធុនពីរដ្ឋាភិបាលកូរ៉េប្រមាណ ១ទ្រីលានវ៉ុនបន្ថែមទៀតក្នុងឆ្នាំនេះ។
ក្រុមហ៊ុនអាកាសចរនេះកំពុងបន្តចរចាជាមួយភាគីសាលាក្រុងសេអ៊ូល ក្នុងការលក់ដីរបស់ខ្លួននៅតំបន់ខ្វានហ្វាម៉ុន (Gwanghwamun) នៅចំកណ្តាលទីក្រុងសេអ៊ូល ប៉ុន្តែនៅមិនទាន់ត្រូវគ្នាលើតម្លៃសមស្រប ខណៈសាលាក្រុងសេអ៊ូលដាក់ថ្លៃត្រឹមប្រមាណជាង ៤៦៧ ប៊ីលានវ៉ុនប៉ុណ្ណោះ ហើយជាការបង់រំលោះរហូតដល់ឆ្នាំ ២០២២។ ក្នុងនោះដែរ ក្រុមហ៊ុន Korean Air ក៏កំពុងបន្តនីតិវិធីជាមួយធនាគារអភិវឌ្ឍកូរ៉េ (Korea Development Bank) របស់រដ្ឋាភិបាល ដើម្បីស្នើសុំទឹកប្រាក់ ១ទ្រីលានវ៉ុន ក្រោមកម្មវិធីជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសម្រាប់ឧស្សាហកម្មសំខាន់ៗដែលរងផលប៉ះពាល់ដោយឥទ្ធិពលកូវីដ-១៩។
សូមបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ រដ្ឋាភិបាលបានប្រកាសទម្លាក់កញ្ចប់ទឹកប្រាក់ជាង ៤០ ទ្រីលានវ៉ុន ដើម្បីផ្តល់ការឧបត្ថម្ភជាជំនួយហិរញ្ញវត្ថុ ដល់ឧស្សាហកម្មសំខាន់ៗរបស់ប្រទេស ដែលក្នុងនោះមានទាំងវិស័យអាកាសចរផងដែរ។
ក្នុងគោលបំណងបង្កើនសាច់ប្រាក់យកមកប្រើប្រាស់នេះ ក្រុមហ៊ុន Korean Air ក៏បានព្យាយាមលក់ភាគហ៊ុនមួយផ្នែកនៃក្រុមហ៊ុន Hanjin International Co., ដែលកាន់កាប់លើអាគារ Wilshire Grand Center នៅទីក្រុង Los Angeles ផងដែរ។ កាលពីប៉ុន្មានខែកន្លងទៅ ក្រុមហ៊ុន Korean Air បានប្រមែប្រមូលសាច់ប្រាក់បានដល់ជិត ១.១២ ទ្រីលានវ៉ុនផងដែរ ពីការលក់នូវកញ្ចប់អាហារ សម្ភារៈ និងទំនិញមួយចំនួនទៀតដែលត្រូវលក់ និងជូនភ្ញៀវក្នុងអំឡុងពេលធ្វើដំណើរ ខណៈដែលប្រតិបត្តិការហោះហើរត្រូវបានផ្អាក និងកាត់បន្ថយអស់ជាច្រើនខែកន្លងមក។
ក្នុងនោះដែរ ក្រុមហ៊ុននេះក៏មានបំណុលដែលត្រូវសងវិញក្នុងអំឡុងត្រីមាសទី៤ ចុងឆ្នាំនេះ ដែលមានទំហំរហូតដល់ ១.២ ទ្រីលានវ៉ុនផងដែរ។
ប្រែសម្រូលពី៖ សារព័ត៌មាន Yonhap News