សាលារៀនគ្រប់កម្រិតនៅក្រុងសេអ៊ូល និងក្រុងជុំវិញ នឹងអាចឱ្យសិស្សមករៀនផ្ទាល់ក្នុងថ្នាក់កាន់តែច្រើនជាងមុន ចាប់ពីថ្ងៃស្អែកទៅ

សេអ៊ូល៖ ចាប់ពីថ្ងៃចន្ទស្អែកនេះទៅ សិស្សសាលានៅទីក្រុងសេអ៊ូលនឹងអាចទៅរៀនផ្ទាល់ក្នុងថ្នាក់បានដល់ចំនួន ២/៣ នៃសិស្សសរុប ទៅតាមវិធានការថ្មីដែលក្រសួងអប់រំកូរ៉េ ទើបនឹងដាក់ចេញឱ្យអនុវត្តក្រោយជម្ងឺកូវីដ-១៩ ហាក់មានសញ្ញានៃការថមថយកាន់តែច្រើនហើយនោះ។

ក្នុងការអនុវត្តថ្មី ដែលនឹងចាប់ផ្តើមពីថ្ងៃស្អែកនេះទៅ គ្រប់សាលានៅក្នុងទីក្រុងសេអ៊ូល និងទីប្រជុំជនធំៗជុំវិញ នឹងត្រូវអនុញ្ញាតឱ្យមានសិស្សមករៀនផ្ទាល់ក្នុងថ្នាក់ដល់ចំនួន ២/៣ នៃសិស្សសរុប សម្រាប់គ្រប់កម្រិតតាំងពីបឋមសិក្សា ដល់កម្រិតវិទ្យាល័យ។ ចំណែកឯសាលារៀនដែលនៅតំបន់ផ្សេងៗទៀតទូទាំងប្រទេសកូរ៉េ អាចមានភាពបត់បែនជាងក្នុងការអនុវត្តវិធានការគម្លាតសង្គមតាមថ្នាក់រៀននេះ ដោយផ្អែកទៅតាមស្ថានការណ៍ជាក់ស្តែងនៅតំបន់នោះផ្ទាល់។

ទិដ្ឋភាពនៃការមករៀនផ្ទាល់ក្នុងថ្នាក់រៀននៅក្នុងទីក្រុងសេអ៊ូល

ក្រសួងអប់រំកូរ៉េលើកឡើងថា ការបង្កើនចំនួនសិស្សមករៀនផ្ទាល់ក្នុងថ្នាក់នេះ គឺដើម្បីបន្ស៊ាំកូនសិស្សទៅនឹងបរិយាកាសក្នុងថ្នាក់រៀនវិញម្តងបន្តិចៗ ដោយសារតែការខកខានរៀនក្នុងថ្នាក់ផ្ទាល់អស់ជាច្រើនខែកន្លងមក។ ក្នុងនោះដែរ ការបង្កើនចំនួនសិស្សនេះ ក៏តម្រូវឱ្យមានការអនុវត្តវិធានការអនាម័យផ្សេងៗទៀតផងដែរ ក្នុងគោលបំណងបង្ការហានិភ័យនៃការឆ្លងមេរោគកូរ៉ូណានេះ។

សូមបញ្ជាក់ថា មុនពេលចេញវិធានការថ្មីនេះ សាលារៀននៅក្នុងទីក្រុងសេអ៊ូល និងប្រជុំជនជុំវិញតម្រូវឱ្យមានសិស្សរៀនក្នុងថ្នាក់ផ្ទាល់ត្រឹម ១/៣ នៃសិស្សសរុបសម្រាប់កម្រិតថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ និង២/៣ នៃសិស្សសរុបសម្រាប់តែថ្នាក់វិទ្យាល័យប៉ុណ្ណោះ។

អ្នកគ្រូបង្រៀននៅអនុវិទ្យាល័យមួយនៅក្រុងសេអ៊ូល កំពុងត្រៀមឯកសារបង្រៀន

 

Leave a Reply

Your email address will not be published. Required fields are marked *