ចុងខែ រអ៊ូថាដាច់លុយ!! តើមានន័យថាអ្នកស្ថិតក្នុង “ភាពក្រីក្រ” មែន? តើអ្វីទៅជា “ភាពក្រីក្រ”? តើគេអាចធ្វើការវាស់ស្ទង់វាដោយវិធីណាខ្លះ?

CamboFinance៖ ពិតហើយភាពក្រីក្រកើតមាននៅគ្រប់បរិបទសង្គមនៅក្នុងពិភពលោក។ ប៉ុន្តែអ្វីជានិយមន័យ ភាពក្រីក្រ?

តើតម្រូវការមីកញ្ចប់នាពេលចុងខែ អាចកំណត់បានថាអ្នកស្ថិតក្នុងភាពក្រីក្រឬទេ?

• ភាពក្រីក្រ មិនមែនត្រូវបានកំណត់ដោយផ្អែកតែលើចំណូលអ្នកតែមួយមុខនោះទេ តែក៏បានបូកបញ្ជូលនូវកត្តាផ្សេងៗដែលធ្វើអោយជីវភាពរស់នៅរបស់អ្នកប្រកបដោយនិរន្តរភាព។ កត្តានោះមានដូចជា៖ ភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភ, សុខភាពមិនល្អ, ការមានកំណត់ ឬកង្វះលទ្ធភាពទទួលបានការអប់រំ និងសេវាកម្មមូលដ្ឋានផ្សេងទៀត, ការកើនឡើងអត្រាមរណភាព និងជំងឺ, ភាពគ្មានផ្ទះសម្បែង និងលំនៅដ្ឋានមិនគ្រប់គ្រាន់, បរិស្ថានគ្មានសុវត្ថិភាព, និងការរើសអើងពីសង្គម

ទោះជាយ៉ាងណាក៏ដោយ តម្រូវការរបស់មនុស្សជាមូលដ្ឋានរួមមានអាហារ ទឹក អនាម័យ ទីជម្រក ការអប់រំ និងព័ត៌មាន គឺជាចំនុចដែលបានគាំពារដោយអង្គការសហប្រជាជាតិ។

ដូច្នេះ តើធ្វើយ៉ាងណាទើបដឹងថាបន្ទាត់ក្រីក្រនៅត្រឹមណា? មានអ្វីយកមកវ៉ាស់?

វិធីទីមួយ៖ គឺកំណត់យកតាម ធនាគារពិភពលោក (World Bank) ដែលមានឈ្មោះថា ‘International Poverty Line (IPL)’ ដែលបានចាប់យកតម្លៃ $1.90 ជាតួលេខបង្គោល។ បានន័យថា អ្នកដែលរកចំណូលបានក្រោម $1.90 ក្នុងមួយថ្ងៃ ត្រូវបានចាត់ទុកស្ថិតក្រោមបន្ទាត់ភាពក្រីក្រ។

សូចនាករភាពក្រីក្រ ផ្តល់ដោយធនាគារពិភពលោក

វិធីទីពីរ៖ គឺកំណត់ដោយ UNDP ដែលមានឈ្មោះថា ‘Multidimensional Poverty Index (MPI)’។ វិធីនេះកំណត់យក ៣ ចំណុចធំៗ មកធ្វើការវាយតម្លៃរួមមាន សុខភាព ការអប់រំ និង ស្តង់ដារនៃការរស់នៅ។ ក្នុងចំណោមសូចនការទាំងបីនេះ មាន ១០ ចំនុចតូចៗ ហើយបើ ១/៣ (មួយភាគបី) នៃចំណុចទាំងដប់នេះ មិនអាចសម្រេចបាននោះទេ នោះមានន័យថាអ្នកអាចចាត់ចូលជា ‘multidimensionally poor’។

សូចនាករភាពក្រីក្រ ផ្តល់ដោយ UNDP ដោយផ្តោតទៅលើតម្រូវការចាំបាច់ ៣ ផ្នែកធំៗ និងមានទាំងអស់ ៩ មុខ

សរុបសេចក្តីមក ការដាច់លុយចុងខែ មិនមែនមានន័យថាអ្នកស្តិតក្នុងភាពក្រីក្រនោះទេ ដរាបណាអ្នករកចំណូលបានលើស $1.90 ក្នុងមួយថ្ងៃ ហើយអ្នកមានជំរក អាហារ ទឹក អនាម័យ ការអប់រំ នោះអ្នកមិនស្ថិតក្នុងភាពក្រីក្រនោះទេ។

ខ្លឹមសារអត្ថបទពី៖ CamboFinance

Leave a Reply

Your email address will not be published. Required fields are marked *